អ្នកឧកញ៉ា​ឡេង ណាវ៉ាត្រា បញ្ជាក់​ថា វិធីសាស្ត្រ​ដោះដូរ​ទី​តាំង​ផ្ទះ និង​ផ្ទះ​ទៅ​ជា​ដី​ឡូត៍ នៅ​គម្រោង​បុរី​ឡេង ណាវ៉ាត្រា ផ្លូវ​ជាតិ​លេខ ៦ A  ធ្វើ​ឡើង​សម្រាប់​តែ​អតិថិជន​ដែល​ស្ម័គ្រ​ដោះដូរ​ប៉ុណ្ណោះ ហើយ​ក៏​មិន​មាន​ការ​បង្ខិតបង្ខំ​ដាក់​សម្ពាធ​នោះ​ដែរ​។ ចំណែក​ឯ​អ្នក​ដែល​មិន​យល់​ព្រម គឺ​រក្សា​នៅ​ដដែល ប៉ុន្តែ​ត្រូវ​ការ​ពេលវេលា​យូរ ខណៈ​ការ​ចាក់​ដី និង​សំណង់​មាន​ភាព​យឺតយ៉ាវ ដោ​យសារ​ក្រុមហ៊ុន​របស់​លោក​កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​។ អ្នកឧកញ៉ា ក៏​បាន​ថ្លែង​សូម​អភ័យ​ទោស និង​ការ​យោគយល់​អធ្យាស្រ័យ​ពី​អតិថិជន​ចំពោះ​បញ្ហា​រកាំរកូស យឺតយ៉ាវ ដែល​កើត​មាន​ផង​ដែរ​។

បើ​យោង​តាម​សារ​សំឡេង របស់​អ្នក​ឧកញ៉ា ឡេង ណាវ៉ាត្រា លោក​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ «​កន្លង​ទៅ​បង​ប្អូន​គាត់​ធ្លាប់​ដូរ​មក​ផ្ទះ​នៅ​ទួលពង្រ និង​កំបូល​សរុប​ជិត​៥០០​ផ្ទះ មិន​មាន​ការ​ដាក់​សម្ពាធ​ក៏​ដូច​ជា​ជំរុញ ឬ​បង្ខិតបង្ខំ​ទេ គ្រាន់​តែ​ជា​ការ​ដោះស្រាយ​ផ្នែក​តូចៗ​ខ្លះ​។ ដូច្នេះ ដើម្បី​ជា​សមធម៌ ពួក​យើង​បាន​គិត​ដោះដូរ​ឱ្យ​បាន​ទំហំ​ដី​សមាមាត្រ​ទៅ​នឹង​ថវិកា​កុំ​ឱ្យ​មាន​ការ​ខាតបង់ និង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ជា​មួយ​បុរី ភ្លើង ទឹក ផ្លូវ បេតុង លូ និង​ការ​ចាក់​ដី បំពេញ​ឱ្យ​ដូច​គ្នា ហើយ​នឹង​ប្រឹងប្រែង​បំបែក​ប័ណ្ណ​រឹង​ឱ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​បាន​»​

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ស្នើ​ដល់​អតិថិជន​របស់​ខ្លួន កុំ​និយាយ​មិន​ល្អ​អំពី​គម្រោង ដែល​មាន​ភាព​យឺតយ៉ាវ ដោយ​លើក​ហេតុផល​ថា ការ​និយាយ​ពាក្យ​អវិជ្ជមាន​អំពី​គម្រោង គឺ​ពុំ​មាន​លទ្ធផល​ល្អ​នោះ​ទេ មាន​តែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទ្រព្យ​ខ្លួនឯង ខូច​ហាងឆេង លក់​មិន​បាន​ថ្លៃ​។ លោក​បន្ថែម​ថា អតិថិជន​គម្រោង​៦អា មាន​ទាំង​ផ្ទះ​ទាំង​ដី​រហូត​ដល់​រាប់​ម៉ឺន​នាក់ អតិថិជន​ទាំងអស់​ជា​សរសៃឈាម​ទាំង​អស់​គ្នា​។

ទោះ​ជា​យ៉ាង​ណា អ្នកឧកញ៉ា​មិន​បាន​បញ្ជាក់​ពី​ទំហំ​វឌ្ឍនភាព​នៃ​គម្រោង​របស់​លោក​នៅ​ផ្លូវជាតិ​លេខ​៦ A ទេ ដោយ​គ្រាន់តែ​លើក​ឡើង​ថា «​បុរី​កំពុង​តែ​ដំណើរការ​រហូត និង​មាន​ការ​រីកចម្រើន ការ​ចាក់​ដី​ជិត​បញ្ចប់ សំណង់​ក៏​ឡើង​បាន​ច្រើន គ្រាន់​តែ​ថា​មិន​បាន​លឿន​ដូច​អ្វី​ដែល​អតិថិជន​ចង់​បាន​ទាំង​ស្រុង​ទេ​»។ ជា​មួយ​គ្នា​នេះ អ្នកឧកញ៉ា​ស្នើ​ឲ្យ​អតិថិជន​សាមគ្គី​គ្នា​លើក​ពី​ចំណុច​សក្ដានុពល ការពិត ជាក់ស្ដែង នៃ​គម្រោង ផ្សព្វផ្សាយ ថ្ងៃ​ក្រោយ​ពេល​លក់​ដី លក់​ផ្ទះ​ក៏​បាន​ទទួល​ផល​ចំណេញ​ទាំង​អស់​គ្នា ព្រោះ​ប្លង់​រឹង​នឹង​បាន​ឆាប់ៗ ហើយ​គម្រោង​ក៏​នឹង​បញ្ចប់​នា​ពេល​ខាង​មុខ។ បើ​ដី ឬ​បុរី​លក់​បាន​ល្អ គម្រោង​ក៏​បញ្ចប់​បាន​កាន់​តែ​លឿន​ដែរ​។

គួរ​រំឭក​ផង​ដែរ​ថា កន្លេង​មក​អតិថិជន​ដែល​បាន​បង់​ប្រាក់​រំលស់​ទិញ​ផ្ទះ​នៃ​គម្រោង​បុរី​ឡេង ណាវ៉ាត្រា ផ្លូវ​ជាតិ​លេខ​៦A បាន​រិះគន់​ច្រើន​លើក​ច្រើន​សារ​ពី​ភាព​យឺតយ៉ាវ​នៃ​ការ​សាងសង់ ក្រោយ​ពេល​ដែល​ពួក​គេ​ខ្លះ​បាន​បង់​ប្រាក់​មក​រហូត​ជាង​៣​ឆ្នាំ​មក​ហើយ​។ ការ​រិះគន់​របស់​ភាគី​អតិថិជន​ត្រូវ​បាន​ភាគី​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ចេញ​មក​អះអាង​ថា ភាព​យឺតយ៉ាវ​នៃ​ការ​សាងសង់​ផ្ទះ​ជូន​ដល់​អតិថិជន គឺ​បណ្ដាល​មក​ពី​វិបត្តិ​នៃ​សេដ្ឋកិច្ច​សកល​៕

អត្ថបទ ឈិន ធារ៉ាត់

Share.