ភ្នំពេញ ៖ ជនសង្ស័យគ្នា៣នាក់ ធ្វើសកម្មភាពកាច់សោកម៉ូតូBeatមួយគ្រឿង បានសម្រេចកាលពីវេលាម៉ោង៤និង៥០នាទីព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅផ្សារព្រៃទា ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ជនរងគ្រោះប្តឹងសមត្ថកិច្ច ឆែកមើលតាមប្រពន្ធGPS ដឹងគោលដៅ កម្លាំងចុះទៅចាប់ខ្លួនជនសង្ស័យបាន៣នាក់ កំពុងដោះគ្រឿងម៉ូតូ កាលពីវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃដដែល នៅកន្លែងលក់ទឹកត្នោតជូរ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង៣នាក់ ចាប់ខ្លួនបាន ទី១ ឈ្មោះ ចាន់ សុផាន់ណា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ , ទី២ ឈ្មោះ ថុន បញ្ញា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ , ទី៣ ឈ្មោះ សឿន សុខជា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣។

ចំណែកជនរងគ្រោះ ឈ្មោះ ម៉ន ស្រីនិច ភេទស្រី អាយុ២១ឆ្នាំ មុខរបរលក់ភេសជ្ជៈ ស្នាក់នៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ មានស្រុកកំណើតភូមិស្ពាន ឃុំកោះចេក ពាមជរ ខេត្តព្រៃវែង ។ ម៉ូតូដែលជនសង្ស័យលួច ម៉ាកហុងដាBeat ពណ៌ស ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1KK-6359។

តាមសម្តីជនរងគ្រោះបានឱ្យដឹងថា មុនកើតហេតុកាលពីវេលាម៉ោង៤និង៥០នាទីព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ត្រឡប់មកពីកំដរជីតាឈឺនៅមន្ទីរពេទ្យវិញ ជិះម៉ូតូទុកមុខបន្ទប់ រង់ចាំឱ្យប្អូនជិះវិលទៅមើលជីតាវិញ រវល់តែរៀបចំខ្លួន ជនសង្ស័យធ្វើសកម្មភាពលួចកាច់សោកម៉ូតូជិះគេចទៅបាត់ ។

ប្រភពបន្តទៀតថា ក្រោយពីជនសង្ស័យជិះគេចទៅបាត់ បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចោមចៅទី៣ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវ ឆែកមើលតាមប្រព័ន្ធGPS ដឹងគោលដៅ កម្លាំងសហការណ៍ជាមួយ ប៉ុស្តិ៍ចោមចៅទី១ ទៅតាមសញ្ញាGPSបង្ហាញ ឈានដល់ចាប់ខ្លួនជនសង្ស័យបាន៣នាក់ កំពុងនាំគ្នាដោះគ្រឿងម៉ូតូ កាលពីវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃដដែល ត្រង់ចំណុចកន្លែងលក់ទឹកត្នោតជូរ ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យរួមជាមួយវត្ថុតាង ម៉ូតូរបស់ជនរងគ្រោះ បាននាំយកទៅសាកសួរនៅប៉ុស្តិ៍ចោមចៅទី៣ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញខណ្ឌ ចាត់ការបន្តតាមនីតិវិធី រីឯម៉ូតូត្រូវបានសមត្ថកិច្ចប្រគល់ជូនជនរងគ្រោះយកទៅប្រើប្រាស់វិញ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.