ប្រទេសហ្វីលីពីន៖ រលកកំដៅដែលបានកត់ត្រាខ្ពស់នៅក្នុងប្រទេសហ្វីលីពីន ក្នុងខែនេះ ដោយបានបង្ខំឱ្យសាលារៀននានាចាប់ផ្ដើមបើកវគ្គសិក្សា ដើម្បីឱ្យសិស្ស ជាពិសេសកុមារសិក្សាថ្នាក់អនឡាញ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤។

សកម្មភាពបែបនេះបានរំលឹកឡើងវិញនូវការចងចាំ ពីការបិទខ្ទប់ដោយសារការឆ្លងរាតត្បាតកូវីដ១៩ និងបង្កើនការភ័យខ្លាចថា អាកាសធាតុកាន់តែអាក្រក់នៅឆ្នាំខាងមុខ អាចធ្វើអោយវិស័យអប់រំមានភាពមិនប្រក្រតីកាន់តែខ្លាំង។

សិស្សនៅសាលារដ្ឋចំនួន ៧,០០០កន្លែង នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ត្រូវបានបញ្ជូនឱ្យត្រឡប់ទៅសិក្សានៅតាមផ្ទះវិញ កាលពីសប្តាហ៍មុន ដោយសារតែអាកាសធាតុក្តៅខុសពីធម្មតានៅក្នុងតំបន់ជាច្រើន ដែលអ្នកព្យាករណ៍បានផ្សារភ្ជាប់ទៅនឹងឥទ្ធិពលនៃបាតុភូតអាកាសធាតុ El Nino។

គួររំលឹកដែរថា ប្រទេសហ្វីលីពីន ជាប្រទេសដែលបានបិទសាលាយូរបំផុតមួយក្នុងពិភពលោក អំឡុងជំងឺរាតត្បាតកូវីដ-១៩ ដែលបង្ហាញពីគម្លាតនៃការអប់រំដល់កុមារមកពីគ្រួសារដែលមានប្រាក់ចំណូលទាប ដែលមិនមានកុំព្យូទ័រ ឬអ៊ីនធឺណេតប្រើប្រាស់គ្រប់គ្រាន់៕

ប្រភព៖ CNA

Share.