ក្លិប​​បាល់ទាត់​ទាំង​២៧ នៅ​ក្នុង​លីគ​កំពូល​ប្រទេស​វៀតណាម បាន​យល់​ព្រម​ជាមួយ​សហព័ន្ធ​កីឡា​បាល់ទាត់​វៀតណាម សម្រេច​លុប​ចោល​កម្មវិធី​ប្រកួត​ក្នុង​ពានរង្វាន់​ក្នុង​ស្រុក​នានា​ដូចជា​ពានរង្វាន់​លីគ​កំពូល​ V.League1 ពានរង្វាន់​លីគ​ទី២ V.League2 និង​ពានរង្វាន់​ជម្រើស​​ជើង​ឯក​ជាតិ National Cup ក្រោយ​មាន​ការ​ឆ្លង​រីករាលដាល​​នៃ​ជំងឺ​កូវីដ-១៩ ក្នុង​ស្រុក​ខ្លាំង។

ពានរង្វាន់​ V.League 1 មាន​សមាជិក​១៤​ក្រុម ហើយ​ពានរង្វាន់ V.League 2 មាន​សមាជិក​១៣​ក្រុម ដោយ​​​កន្លង​មក​១​ក្រុម​បាត​តារាង​លីគ V.League 1 ត្រូវ​ធ្លាក់​ទៅ​លេង​ V.League2 ហើយ​ក្រុម​កំពូល​តារាង​ V.League 2 មាន​ឈ្មោះ​ឡើង​ទៅ​លេង V.League 1នៅ​រដូវកាល​បន្ទាប់។

អត្ថបទពាក់ព័ន្ធ៖កីឡាករ​​វៀតណាម ​រ៉ៃ​ប្រាក់​បាន​​​៣០០លាន​ដុង​ជួយ​ជាតិ ​ទិញ​វ៉ាក់សាំង​បង្កា​កូវីដ-១៩

បើ​តាម​ការ​បញ្ជាក់​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​វៀតណាម បើ​ទោះ​ជា​ប្រកាស​រំសាយ​ការ​ប្រកួត​ទាំង​៣​កម្រិត​ធំៗ​របស់​ជាតិ​ក៏​ពិត​មែន តែ​ភាគី​ពាក់ព័ន្ធ​កំពុង​តែ​ពិភាក្សា​គ្នា​បន្ថែម​ថា​នឹង​មាន​ការ​ជ្រើសរើស​ក្រុម​ដែល​ឈ្នះ​ជើង​ឯក ឬ ក្រុម​ដែល​ត្រូវ​កាត់​ចេញ​ឬក៏​អត់ ព្រោះ​ថា​ក្រុម​ជើង​ឯក​ពាន V.League 1 មាន​ឈ្មោះ​ឡើង​ទៅ​លេង​ពានរង្វាន់ AFC Champion League ហើយ​ក្រុម​លេខ២​និង​លេខ៣​មាន​ឈ្មោះ​លេង​ក្នុង​ពាន AFC Cup ឆ្នាំ​២០២២ ផង​ដែរ៕

Telegram-Troryorng
Share.