កណ្តាល៖ កម្លាំងសមត្ថកិច្ចខេត្តកណ្តាល ចាប់ខ្លួនជនសង្ស័យ៣នាក់ ក្នុងចំណោមបក្ខពួក៤នាក់​ បន្ទាប់ពីធ្វើកម្មភាពកា.ប់ជនរងគ្រោះ​ដេរ២៧ថ្នេរ កាលពីថ្ងៃទី២១ មេសា ឆ្នាំ២០២៤ វេលាម៉ោង១៦:០០នាទី នៅចំណុចមុខវិទ្យាល័យ ហ៊ុន សែន តាខ្មៅ នៅភូមិថ្មី១សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះ ០១នាក់ឈ្មោះ ជៀន សៀងហេង ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ មានរបួសស្នាមលើថ្ពាល់ក្រោមភ្នែកឆ្វេងដេរចំនួន ២៧ថ្នេរ។

ចំណែកជនសង្ស័យមានគ្នា០៤នាក់ ឃាត់ខ្លួនបាន០៣នាក់ទី១.ឈ្មោះ កាង សុងដារ៉ា ហៅឈីត ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិលេខ១(ក) សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ទី២.ឈ្មោះ ផល សម្បូរ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងម៉ាស៊ីនត្រជាក់ មានទីលំនៅភូមិលេខ១ក សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ទី៣.ឈ្មោះ ម៉ាល់ ពេជ្រភារក្ស ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ឯម្នាក់ទៀតកំពុងគេចខ្លួន ។


តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១៦:០០នាទី នៅពេលជនរងគ្រោះកំពុងជិះម៉ូតូឌុបសង្សាររបស់ខ្លួននៅតាមផ្លូវមុខវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ក៏ស្រាប់តែមានជនសង្ស័យចំនួន០៤នាក់ ជិះម៉ូតូ ០២គ្រឿងម៉ាក Scoopy បានយកដាវកាប់លើជនរងគ្រោះចំថ្ពាល់ក្រោមភ្នែកឆ្វេងបណ្តាលឱ្យរយះចេញឈាម និង កាប់ម៉ូតូមួយគ្រឿងម៉ាក Honda Scoopy ពណ៌ក្រហម បណ្តាលឱ្យបែកចង្កៀងមុខ និងស្តុបក្រោយ ហើយនាំគ្នាជិះរត់គេចខ្លួនបាត់អស់ទៅ។ ឯជនរងគ្រោះត្រូវបានឪពុកម្តាយដឹកយកទៅសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យ ដេរអស់២៧ថ្នេរ។

ក្រោយកើតហេតុ ឪពុកជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលតាខ្មៅ ឱ្យជួយស្រាវជ្រាវរកជនសង្ស័យទាំង ០៤នាក់ យកមកចាត់ការតាមនីតិវិធី។ លុះមកដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍បានស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យបាន ០៣នាក់ យកមកសាកសួរដើម្បីចាត់ការតាមនីតិវិធីតែម្តង។

តាមការសាកសួរក្រុមជនសង្ស័យបានឆ្លើយថា ពួកខ្លួនពិតជាបានយកដាវកាប់ជនរងគ្រោះ និងម៉ូតូ ប្រាកដមែន ដោយសារមានគំនុំ ខឹងជនរងគ្រោះធ្លាប់គំរាមហៅបក្ខពួករកវាយក្រុមរបស់ខ្លួន កាលពីលើកមុន ចំណែកដាវត្រូវបានបោះចោលក្នុងបឹងម្តុំវត្តគល់ទទឹងបាត់ហើយ។ បច្ចុប្បន្នក្រុមជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

អត្ថបទ៖ កណ្តាល​

Share.