កណ្តាល៖  បុរសវិកលចរិតម្នាក់ យកគ្រាប់បែកមកដំលេង ក្បែរខ្ទមលោកតា បណ្តាលឱ្យផ្ទុះ ផ្អើលអស់អ្នកស្រុក កាលពី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១៦:៣០នាទី នៅចំណុចកើតហេតុខ្ទមលោកតាដើមល្វា ស្ថិតនៅក្នុងភូមិឫស្សីស្រុក២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ជនរងគ្រោះមានឈ្មោះ ចាន់ សុខរៀន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល (ជនវិកលចរិត រយៈពេល ០៣ឆ្នាំ) ។

តាមការបំភ្លឺរបស់ឈ្មោះ សន ច្រូច ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឫស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ត្រូវជាពូបង្កើតរបស់ជនរងគ្រោះ បានប្រាប់ថា ជនរងគ្រោះជានិច្ចជាកាលមិនដែលនៅផ្ទះឡើយ គឺចេះតែដើរតាមដងផ្លូវ និងទៅដេកនៅខ្ទមលោកតាដើមល្វា  លុះនៅថ្ងៃកើតហេតុខាងលើ បានយកគ្រាប់មិនទាន់ផ្ទុះដែលនៅសល់ពីសម័យសង្គ្រាមមកវាយបំបែកនៅកន្លែងខ្ទមលោកតាដើមល្វា បណ្ដាលឱ្យផ្ទុះខូចខាត ដំបូលខាងលើទាំងស្រុង។  ចំណែកជនរងគ្រោះ របួសស្រាល រួចក៏ដើរសំដៅទៅទិសខាងត្បូងបាត់ទៅ ។

លុះដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង០៦:២០នាទី កម្លាំងនគរបាលប៉ុស្តិ៍ឈើទាល បានទទួលព័ត៌មានតាមរយៈទូរសព្ទពីលោកស្រីមេឃុំឈើទាល ពេលទទួលបានព័ត៌មានភ្លាម កម្លាំងនគរបាលប៉ុស្តិ៍ឈើទាល សហការជាមួយកម្លាំងជំនាញយុត្តិធម៌ស្រុក បានចុះមកដល់កន្លែងកើតហេតុដើម្បីធ្វើការស្រាវជ្រាវនៅកន្លែងកើតហេតុ និងបានបញ្ជាក់ចាក់ថា ពិតជាផ្ទុះគ្រាប់នៅកន្លែងកើតហេតុមែន ៕

អត្ថបទ៖ កណ្តាល

Share.