ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ចប់ការស៊ើបសួរលើស្ទាវ៦នាក់ ពាក់ពន្ធករណីយកដុំអិដ្ឋការ៉ូឡាគប់លើកញ្ចក់រថយន្តផុងចូលទៅក្នុងរថយន្តត្រូវចំថ្ងាសជនរងគ្រោះ បែករយះចំនួន២កន្លែងដេរចំនួន៣០ថ្នេរ និងបែកកញ្ចក់ខាងមុខរថយន្តចំនួន២គ្រឿង” ហើយក៏បញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរចាត់ការបន្ត តាមនីតិវិធី។ 

កម្លាំងជំនាញការិយាល័យ នៅថ្ងៃទី១៩និងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជន សង្ស័យជាបន្តបន្ទាប់ចំនួន៦ នាក់ ពាក់ពន្ធប្រព្រឹត្តបទល្មើស ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (យកដុំអិដ្ឋការ៉ូឡាគប់ត្រូវកញ្ចក់រថយន្តខាងមុខ បណ្តាលឲ្យបែកកញ្ចក់រថយន្តផុងចូលទៅក្នុង ត្រូវចំថ្ងាសជនរងគ្រោះ បែករយះចំនួន២ កន្លែង រងរបួសដេរចំនួន៣០ថ្នេរ និងខូចខាតកញ្ចក់ខាងមុខរថយន្តចំនួន ០២គ្រឿង ដោយប្រព្រឹត្តនៅចំណុចផ្លូវបេតុងភូមិស្រែរាជ្ជៈ សង្កាត់សំ រោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១៤ និង ៣៣ នាទី។

ក្រុមស្ទាវទាំង៦ នាក់នោះមាន ១.ឈ្មោះ យឹម សុខហេង ហៅ ហេង ភេទប្រុស អាយុ១៩ ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅផ្ទះលេខ៤៨៣ ផ្លូវលេខ១០០៩ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
២.ឈ្មោះ កង សុជាតិ ភេទប្រុស អាយុ១៨ ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ៣.ឈ្មោះ ថេត សូរិយា ភេទប្រុស អាយុ១៨ ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅផ្ទះជួល ផ្លូវលេខ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
៤.ឈ្មោះ យ៉ុន ផានិត ភេទប្រុស អាយុ១៨ ឆ្នាំ មុខរបរ សិស្ស មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិSOS សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ៥.ឈ្មោះ រ័ត្ន រិទ្ធី ភេទប្រុស អាយុ១៩ ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅផ្ទះលេខ៨៤ ផ្លូវបេតុង សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ៦.ឈ្មោះ ហាន់ លីសៀង ភេទប្រុស អាយុ១៩ ឆ្នាំ មុខរបរ ដឹកអីវ៉ាន់អនឡាញ មានទីលំនៅផ្ទះលេខ១៦៥ ផ្លូវលេខ១៤៦ ភូមិ៤ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា សំណុំរឿងនេះមានជនរងគ្រោះ ២នាក់ ម្នាក់ឈ្មោះ ង៉ាន់ សូលីដា ភេទស្រី អាយុ៤២ ឆ្នាំ មុខរបរ មន្ត្រីរាជការ មានទីលំនៅផ្ទះលេខសេ១៦១៤ ផ្លូវលេខ២១៧ ភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ម្នាក់រងគ្រោះបែករយៈលើថ្ងាសចំនួន២ កន្លែងដេរចំនួន៣០ថ្នេរ និងបែកកញ្ចក់រថយន្តខាងមុខ ចំនួន១ផ្ទាំង និងម្នាក់ឈ្មោះ ចន្ថា សុថន ភេទប្រុស អាយុ៣៧ ឆ្នាំ មុខរបរ នគរបាលជាតិ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ បែកកញ្ចក់រថយន្តខាងមុខ ចំនួន១ ផ្ទាំង។

សូមជម្រាបថា កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១៤ និង៣៣ នាទី មានករណីហិង្សាមួយ បង្កឡើងដោយជនស្ទាវ១ក្រុមចំនួន១៤ នាក់ជិះម៉ូតូចំនួន៧ គ្រឿងបានដេញវាយគ្នា ប្រព្រឹត្តនៅចំណុចផ្លូវបេតុង ភូមិស្រែរាជ្ជៈ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។ ក្នុងខណៈនោះជនបង្ក ក៏បានយកដុំអិដ្ឋការ៉ូឡាគប់ត្រូវកញ្ចក់រថយន្តខាងមុខបណ្តាលឲ្យបែកកញ្ចក់រថយន្តចំនួន២ គ្រឿង និងរបួសជនរងគ្រោះម្នាក់ ដែលកំពុងធ្វើដំណើរលើដងផ្លូវសាធារណៈ ។

បន្ទាប់ពីកើតហេតុ កម្លាំងសមត្តកិច្ចជំនាញការិយាល័យនគរបាលព្រហ្ម ទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន៦ នាក់ ដូចមានឈ្មោះខាងលើនេះបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ និងកំពុងតាមរកចាប់ខ្លួនបក្សពួក៨ នាក់ទៀត ៕

អត្ថបទ៖ ចតុមុខ

Share.