សិល្បៈអន្តរជាតិ៖ សារព័ត៌មានជឿជាក់ថា អ្នកគាំទ្រ និងមហាជនអ្នកលេងបណ្ដាញសង្គមគ្រប់រូបបានទស្សនាវីដេអូខ្លីរបស់ព្រះសង្ឃសៅលីញជាច្រើនអង្គ ដែលនិមន្តមកពីខេត្ត ហឺណាន ប្រទេសចិន បានថតមាតិកាវីដេអូផ្សព្វផ្សាយអំពីប្រាសាទអង្គវត្តឱ្យពិភពលោកបានឃើញនិងស្ញប់ស្ញែងរួចមកហើយ។

ក្នុងនោះគឺមានព្រះសង្ឃសៅលីងមួយព្រះអង្គឈ្មោះ Shi Yanheng ជាសង្ឃផលិតមាតិកាល្បីល្បាញនៅលើបណ្ដាញសង្គម TikTok និង Wiebo ដែលសង្ឃអង្គនេះមានអ្នកគាំទ្រតាមដានគ្រប់សកម្មភាពរាប់លាននាក់។ តើសង្ឃសៅលីញ Shi Yanheng មានសាវតាបែបណាខ្លះ? សូមតាមដានជាមួយសារព័ត៌មានត្រយងដូចតទៅនេះ៖

សង្ឃសៅលីង Shi Yanheng មានរហ័សនាមថា ខ្យល់រដូវស្លឹកឈើជ្រុះ ឆ្នាំនេះមានវ័យ ២១ ឆ្នាំ មានស្រុកកំណើតនៅទីក្រុង ជីយួន ខេត្ត ហឺណាន ប្រទេសចិន ដោយបានបួសជាសង្ឃសៅលីញតាំងពីកុមារមកម្ល៉េះ។ នៅឆ្នាំ ២០១៩ ព្រះអង្គបានក្លាយជាសមាជិកសង្ឃសៅលីញនៅក្នុងព្រះវិហារ ស៊ុងសាន ប្រទេសចិន។ ក្រៅពីជាព្រះគ្រូបង្ហាត់ក្បាច់គុនសៅលីញដ៏អស្ចារ្យដល់ណេនតូចៗនៅក្នុងវត្តអារាមហើយនោះ សង្ឃរូបនេះក៏ជាអ្នកផលិតមាតិកាល្បីឈ្មោះមួយរូបនេះដែលមានអ្នកគាំទ្រតាមដានច្រើនផងដែរ។ សង្ឃរូបនេះមាន TikTok ឈ្មោះ shaolinyanheng មាន Weibo ឈ្មោះជាភាសា 少林·秋风 ( Shàolín·qiūfēng ) ឬមានន័យថា ខ្យល់រដូវស្លឹកឈើជ្រុះ ដោយភាគច្រើនផលិតមាតិកាបង្ហាញពីក្បាច់នីមួយៗរបស់គុនសៅលីង ដែលមានអាត្រាអ្នកទស្សនារាប់លានដង។

ប៉ុន្មានឆ្នាំចុងក្រោយនេះ នៅលើបណ្ដាញសង្គមគេសង្កេតឃើញសង្ឃ Shi Yanheng រមែងនិមន្តធ្វើដំណើរទៅផ្សព្វផ្សាយអំពីទេសចរណ៍វប្បធម៌តាមរយៈការសម្ដែងក្បាច់គុនសៅលីញដែលជាគុនការពារខ្លួនមួយដ៏មានវ័យចំណាស់របស់ប្រទេសចិនឱ្យសាយភាយទៅដល់អ្នកគាំទ្រទូទាំងពិភពលោក។ ដោយសង្ឃអង្គនេះ រួមទាំងសមាជិកសង្ឃជាច្រើនអង្គទៀតនៅក្នុងវត្តខេត្តហឺណាន បាននិមន្តឆ្លងកាត់បណ្ដាញប្រទេសជាច្រើនក្នុងតំបន់អាស៊ី រួមទាំងកម្ពុជានាពេលថ្មីៗនេះផងដែរ។

សូមជម្រាបថា ដំណើរមកកាន់ប្រទេសកម្ពុជាជាផ្លូវការនេះ ព្រះសង្ឃ Shi Yanheng  រួមទាំងសង្ឃច្រើនអង្គទៀត គឺដើម្បីមកចូលរួម«ព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងព្រឹត្តិការណ៍ When Shaolin Meets Bokator At Angkor» រៀបចំទ្បើងដោយក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយ រដ្ឋបាលប្រជាជនខេត្តហឺណាន និងរដ្ឋបាល ខេត្តសៀមរាប ធ្វើឡើងបរិវេណខាងជើងប្រាសាទបាយ័ន នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៧:៣០នាទីព្រឹក ជាមួយការសម្តែងរួមគ្នារវាងក្បាច់គុនសៅលីញ និងក្បាច់គុនល្បុកត្តោ ក្នុងគោលបំណងផ្សព្វផ្សាយគោលដៅទេសចរណ៍រួមគ្នានៃខេត្តហឺណាន និងខេត្តសៀមរាប ក៏ដូចជាចូលរួមអបអរសាទរដល់ការអនុវត្តយុទ្ធនាការ «ទស្សនាសៀមរាប ឆ្នាំ២០២៤» និង «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤»។

សម្រាប់អ្នកគាំទ្រ និងស្រឡាញ់ចូលរួមទស្សនាការសម្ដែង ក្បាច់គុនសៅលីញ និងក្បាច់គុនល្បុកត្តោ អាចចូលរួមទស្សនាដោយសេរី និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ តាមគ្រប់មធ្យោបាយ និងគ្រប់រូបភាព ដែលសំដៅទាក់ទាញ​ចំណាប់អារម្មណ៍ភ្ញៀវទេសចរកាន់តែច្រើនថែមទៀត ក៏ដូចជាចូលរួមអបអរសាទរដល់ការអនុវត្តយុទ្ធនាការ “ទស្សនាសៀមរាប ឆ្នាំ២០២៤”៕

Share.