ព្រះសីហនុ  ៖ អភិបាលរងខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ បានបញ្ចាក់ក្រោយពីកិច្ចប្រជុំសម្របសម្រួលបច្ចេកទេសថា រដ្ឋបាលខេត្តព្រះសីហនុ សហការជាមួយសមាគមទេសចរណ៍ (CATA) និងសមាគមហោះហើរប្រទេសថៃ(TEAA) ក្រោមកិច្ចសម្របសម្រួលពី រដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិលកម្ពុជា នឹងរៀបចំកម្មវិធី ហោះហើរមិត្តភាពកម្ពុជា-ថៃ ឆ្នាំ២០២៤ “Cambodia-Thai Friendship Air Show 2024” នាថ្ងៃទី ២៦-២៧ ខែ មេសា ឆ្នាំ ២០២៤ នៅទីលានតេជោ(ពយតាមូង) ស្ថិតក្នុងសង្កាត់លេខ ៤ ក្រុងព្រះសីហនុ។

ព្រឹត្តិការណ៍នេះជាលើកដំបូងក្នុងប្រទេសកម្ពុជា យន្តហោះខ្នាតតូចចំនួន ១៦ គ្រឿង នឹងហោះមកពីប្រទេសថៃ មកចុះចតនៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ដើម្បីត្រៀមធ្វើការហោះហើរសម្តែងជូនទេសចរជាតិ និងអន្តរជាតិ បានទស្សនាកម្សាន្ត ក៏ដូចជាផ្តល់ឱកាសឱ្យអ្នកសារព័ត៌មានទូទៅអាចថតរូបនិងផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍របស់ខេត្ត។


លោកអភិបាលរង បានបន្ថែមថា គោលបំណងនៃ ព្រឹត្តិការណ៍នេះ មានទិសដៅស្របគ្នានឹងគោលនយោបាយបើកចំហជើងមេឃ របស់រាជរដ្ឋាភិបាល និងមានគោលដៅ លើកស្ទួយ វិស័យទេសចរណ៍ និងធុរកិច្ចរវាងកម្ពុជា -ថៃ តាមរយៈការឆ្លុះបញ្ចាំងអំពីមិត្តភាពដ៏ល្អប្រទេសទាំងពីរ៕

អត្ថបទ៖​ព្រះសីហនុ

Share.