បន្ទាយមានជ័យ ៖ ម៉ូតូហុងដាឌ្រីមមួយគ្រឿងជិះលឿនវ៉ាជែងរថយន្តខាងមុខ ជ្រុលទៅបុកជាមួយម៉ូតូហុងដាឌ្រីមមួយគ្រឿងទៀតជិះច្រាសទិសគ្នា បណ្តាលឱ្យរងរបួសធ្ងន់សងខាង កាលពីវេលាម៉ោង៩និង៥៥នាទីយប់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ភាគីម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1AA-2660 ជិះដោយយុវជនឈ្មោះ សុខ ជាតិ អាយុ២៣ឆ្នាំ រស់នៅភូមិប្រជាធម្ម សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ជិះពីជើងទៅត្បូង លឿនវ៉ាជែងរថយន្តខាងមុខ ជ្រុលទៅបុកជាមួយភាគី ម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1U-2371 ជិះដោយយុវជនឈ្មោះ ពូន ពៅ អាយុ១៦ឆ្នាំ មានទីលំនៅ ភូមិអូរល្ហុង សង្កាត់និម្មិត ក្រុងប៉ោយប៉ែត កំពុងជិះពីត្បូងទៅជើង ច្រាសទិសគ្នា បណ្តាលឱ្យរងរបួសធ្ងន់សងខាង។

ជនរងគ្រោះម្នាក់ឈ្មោះ សុខ ជាតិ ត្រូវបានក្រុមគ្រួសារដឹកយកទៅមន្ទីរពេទ្យខ្លួនឯង ចំណែកជនរងគ្រោះ ឈ្មោះ ពូន ពៅ ត្រូវបានរថយន្តសង្គ្រោះ ដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត រីឯម៉ូតូទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក អធិការដ្ឋានក្រុងប៉ោយប៉ែត រង់ចាំដោះស្រាយគ្នាពេលក្រោយ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.