ម្ចាស់ពានកម្មវិធីប្រកួត The Voice Thailand រដូវកាលទីមួយ Nont Tanont ក៏ស្ថិតក្នុងចំណោមតារាដែលបានឆ្លងជំងឺកូវីដ-១៩ និងកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យដែរ ហើយសម្រាប់អាការៈចុងក្រោយនៅពេលនេះមេរោគបានចូលដល់ក្នុងសួតហើយ។

រង្វង់សិល្បៈនៅក្នុងប្រទេសថៃកំពុងស្ថិតក្នុងស្ថានភាពមួយវឹកវរខ្លាំងព្រោះកំណើនតារានិងអ្នកសិល្បៈព្រមទាំងក្រុមគ្រួសារមានទាំងអ្នកពាក់ព័ន្ធទៀតនោះបានបន្តឆ្លងមេរោគកូវីដ-១៩ បន្តបន្ទាប់ ដោយក្នុងនោះ Nont Tanont ដែលជាអ្នកជំងឺម្នាក់ដែរនោះមិនដែលភ្លេចចែករំលែកពីអាការៈរោគរបស់ខ្លួនជាមួយនឹងអ្នកគាំទ្ររបស់លោកឡើយ។
កាលពីម្សិលមិញសារព័ត៌មាន Sanook របស់ប្រទេសថៃបានផ្សព្វផ្សាយថាពេលនេះមេរោគកូវីដ-១៩ បានចូលទៅដល់បរិវេណសួតរបស់លោករួចរាល់ហើយ។ ដំណឹងនេះគឺយោងទៅតាមការផុសលើបណ្ដាញសង្គមរបស់សាមីខ្លួនផងដែរ។ «នៅតែជា Tanont ដែលពោរពេញទៅដោយការអភិវឌ្ឍគ្រប់ៗរឿង។ ព្រឹកនេះមេរោគកូវីដ-១៩ បានចូលដល់ក្នុងសួតហើយបាទ»។
ក្រោយអ្នកគាំទ្របានដឹងដំណឹងនេះម្នាក់ៗបានចូលមកខមមិនលើកទឹកចិត្តនិងជូនពរឱ្យតារារូបនេះឆាប់ត្រលប់មកមានសុខភាពល្អនិងរឹងមាំដូចកាលពីមុនវិញ៕