ក្នុង​កំឡុង​សម្ភាសន៍​ជាមួយ​នឹង​ទស្សនា​វដ្ដី​ People តារា​ស្រី​វ័យ​៤៦​ឆ្នាំ​ ដែល​ជាបេសកជនពិសេសរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិសម្រាប់ជនភៀស(UNHCR) បាន​លើក​ឡើង​ពី​បញ្ហា​ភាព​តាន​តឹង​ដែល​កំពុង​តែ​ញ៉ាំញី​ប្រទេស​អាហ្វហ្គានីស្ថាន​ក្រោយ​ទ័ព​សហរដ្ឋអាមេរិក​ដក​ខ្លួន​ចេញ​ពី​ប្រទេ​សនេះ​។​

តារា​សម្ដែង​​ជួរ​មុខ​របស់​ហូលីវូដ​ Angelina Jolie បាន​ចេញ​មក​និយាយ​ពី​បញ្ហា​វិបត្តិ​នៅ​​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ក្រោយ​ក្រុម​តាលីបង់​ក្ដោបក្ដាប់​ប្រទេស​មួយ​នេះ​។

អ្នកស្រី​ Angelina Jolie ​បាន​លើកថា​​ «លើក​មុន​ក្រុម​តាលីបង់​គ្រប់គ្រងអាហ្វហ្គានីស្ថាន ពួក​គេ​បាន​ឃុំ មនុស្សស្រី​ឱ្យ​នៅ​តែ​​ក្នុង​ផ្ទះ​ ហាម​ឃាត់​នារី​ៗ​មិន​ឱ្យ​ទៅ​សាលារៀន និង​មិន​ឱ្យ​នារី​មាន​សិទ្ធិ​បញ្ចេញ​មតិ​យោបល់​។ ពួក​យើង​មិន​ដឹង​ទេ​ថា​ក្រុម​តាលីបង់​បាន​ផ្លាស់ប្ដូរ​ឬ​អត់​?​ ប៉ុន្តែ​ពេល​នេះ​ពិភពលោក​បាន​ផ្លាស់​ប្ដូរ​ហើយ​។ យើង​មាន​បច្ចេក​វិទ្យា​ជា​ឧបករណ៍​ស្រាប់​។ យើង​អាច​ធ្វើ​ការ​ទំនាក់ទំនង​គ្នា​ទូទាំង​ពិភពលោក​។ យើង​មាន​ឱកាស​អាច​នៅ​ក្បែរៗ​ជនជាតិ​អាហ្គានីស្ថាន​ដែល​កំពុង​តែព្យាយាម​ប្រឹងប្រែង​ប្រកបដោយ​ក្ដី​សង្ឃឹម​និង​ខិតខំ​បញ្ជៀស​ការ​ប្រើប្រាស់​ហិង្សានិង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ក្នុង​ប្រទេស​របស់​ខ្លួន​​ ​»

​តារា​ហូលីវូដដ៏ល្បី​រូប​នេះ​ក៏​បានលើក​ឡើង​ពី​វិធី​សាស្ត្រ​ខ្លះៗ​ដែល​អាច​ជួយ​ដោះ​វិបត្តិ​ប្រទេស​អាហ្វហ្គានីស្ថានផង​ដែរ​ថា «ពួក​យើង​អាច​ទទួល​បាន​ដំណឹង​និង​រឿងរ៉ាវ​ដែល​កើត​ឡើង​និង​ការ​គាំពារ​សិទ្ធិ​មនុស្ស​​ដើម្បី​ធ្វើ​ឱ្យ​អំពើ​រំលោភ​នានាដែល​ត្រូវ​បាន​លាក់បាំង​ អាចលាត​ត្រដាងចេញ​មក​ខាងក្រៅ​​។ យើង​ក៏​អាច​គាំទ្រ​អង្គការ​សិទ្ធិ​មនុស្ស​ដែល​កំពុង​តែ​ធ្វើ​ការ​នៅ​ទីនោះ​។»

ក្នុង​នោះ​អ្នកស្រី​ក៏​បាន​បន្ថែម​ទៀត​ដែរ​ថា​ «យើង​អាច​សាកសួរ​ទៅ​ជនជាតិ​អាហ្វហ្គានីស្ថាន ថា​ពួក​គេ​ចង់​ឱ្យ​យើង​ជួយ​ទៅលើ​អ្វី​ខ្លះ​ដែល​ពួក​គេ​កំពុង​ត្រូវ​ការជា​ចាំ​បាច់​​ ហើយ​ពួក​គេ​ចង់​ផ្ញើសារ​អ្វី​ចេញ​​​មក​កាន់​ពិភព​ខាង​ក្រៅ​។»

មុន​នេះ​ Angelina Jolie បាន​បង្កើត​គណនី​នៅ​លើ​ Instagram ជា​លើក​ដំបូង​ ដោយ​បង្ហោះ​សំបុត្រ​ពី​ក្មេង​ស្រី​អាហ្វហ្គានីស្ថានម្នាក់​នៅ​លើ​ផុស​របស់​ខ្លួន​ ដើម្បី​ជា​សំឡេង​មួយ​ជួយ​ដល់​ប្រជាជន​ប្រទេស​នេះ​ដែល​កំពុង​តែ​ត្រូវ​បាន​គេ​រឹតត្បិត​សិទ្ធិ​សេរីភាព​ក្នុង​ការ​ទំនាក់ទំនងនិង​បង្ហាញ​គំនិត​របស់​ពួក​គេ​នៅ​លើ​បណ្ដាញ​សង្គម​។

អ្នក​ស្រី​ Angelina Jolie គឺជា​តារា​ហូលីវូដ​ដ៏​មាន​ឈ្មោះ​ល្បីល្បាញ​មួយ​រូប​ បច្ចុប្បន្ន​អ្នក​ស្រី​មាន​វ័យ​៤៦​ឆ្នាំ​ អ្នកស្រី​មាន​កូន​ចំនួន​៦​នាក់​ ក្នុង​នោះ​​កូន​ប្រុស​ច្បង​របស់​អ្នក​ស្រី​ Maddox គឺជា​កូន​ចិញ្ចឹម​ជនជាតិ​ខ្មែរ៕

ទស្សនាវីដេអូព័ត៌មាន​ខាងក្រោម៖

Telegram-Troryorng
Share.