ភ្នំពេញ ៖ ឡានបែនដឹកដីមួយគ្រឿង អ្នកបើកបរខ្ជីខ្ជា ធ្វេសប្រហែស រេចង្កូតធ្លាក់ចូលប្រឡាយ ដេកត្រាំទឹកស្អុយពេញមួយយប់ ម្ចាស់មិនទាន់មានចំណាត់ការ ។ ហេតុការណ៍ខាងលើកើតឡើងតាំងពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រចូលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ មកម្ល៉េះ នៅតាមផ្លូវជាតិលេខ៤ ខាងកើតជាប់នឹងផ្លូវរថភ្លើង ចំណុចភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

រថយន្តជួបគ្រោះថ្នាក់ខាងលើ ម៉ាកនីសាន់ បែនកង់៦ ដឹកដី ចង្កូតស្តាំ ពណ៌ស្វាយ ពុំមានពាក់ស្លាកលេខ មានតែអក្សរបិទលើកញ្ចក់ «ប៉ាប៉ា រ៉ូបឺត» សំណាងល្អអ្នកបើកបរមិនមានរងរបួស ក្រោយកើតហេតុ មកដល់ព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ តៃកុងចាកចេញទៅដេកនៅផ្ទះបាត់ សុខចិត្តទុកឡានឲ្យដេកត្រាំទឹកស្អុយ ។

តាមកម្មករយាមផ្លូវដែក ក្បែរកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ រថយន្តបើកពីលិចទៅកើត មកដល់ចំណុចកើតហេតុ រេចង្កូតទៅឆ្វេង ជ្រុលធ្លាក់ចូលក្នុងប្រឡាយទឹកស្អុយ ម្ចាស់អ្នកបើកបរលូនចេញមកក្រៅ សំណាងល្អមិនមានរងរបួស ។

ក្រោយកើតហេតុសមត្ថកិច្ចចុះទៅពិនិត្យ ឃើញថាមិនប៉ះពាល់ដល់អ្នកដទៃ អនុញ្ញាតិឲ្យម្ចាស់រករថយន្តស្ទូចទៅលើកចេញដែរ តែដោយសារអ្នកបើកបរងងុយដេកពេក បានដើរចាកចេញទៅបាត់ ទុកតែរថយន្តឲ្យដេកត្រាំទឹកស្អុយពេញមួយយប់ រហូតដល់ព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១នេះទៅហើយ នៅតែមិនទាន់ឃើញម្ចាស់មានចំណាត់ការលើករថយន្តចេញពីប្រឡាយ ៕

Share.