ភ្នំពេញ ៖ ស្ត្រី២នាក់ម្តាយកូនរងរបួសដំណំ ម៉ូតូខ្ទេចមួយចំហៀង ក្រោយពីមានរថយន្តឡិចសុីសRX330មួយគ្រឿងអ្នកបើកបររវល់តែងាកមើលថតឡានធ្លាក់ក្នុងប្រឡាយ ជ្រុលកៀរម៉ូតូស្របទិស នៅតាមផ្លូវជាតិលេខ៤ ក្បែរផ្លូវរថភ្លើង ចំណុចភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១។

តាមប្រភពពីពលរដ្ឋឃើញហេតុការណ៍ បានឲ្យដឹងថា មុនកើតហេតុ ចំណុចខាងលើ តែនៅខាងទឹកដីខណ្ឌពោធិសែនជ័យ មានរថយន្តបែនដឹកដីមួយគ្រឿងបើកធ្លាក់ទឹកប្រឡាយ តាំងពីពេលយប់ម្ល៉េះ ស្រាប់តែនៅវេលាម៉ោងខាងលើ មានរថយន្តមួយគ្រឿងម៉ាកឡិចសុីសRX330 ពណ៌ស មិនចាំស្លាកលេខ បើកពីលិចទៅកើត អ្នកបើកបររថយន្តតែងាកថតរូបភាពឡានធ្លាក់ក្នុងប្រឡាយ បែជារេចង្កូតជ្រុលទៅកៀរម៉ូតូ ហុងដាសេ១២៥ សេរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FW-1078 កពុងជិះគ្នា២នាក់ម្តាយកូន ពីលិចទៅកើត បណ្តាលឲ្យដួលរងរបួសទាំង២នាក់ដំណំ ម៉ូតូខ្ទេចមួយចំហៀង ភ្លាមៗរថយន្តបន្ថែមល្បឿនបើករត់គេចទៅបាត់ ។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានពលរដ្ឋក្បែរនោះជួយ ហើយទំនាក់ទំនងហៅក្រុមគ្រួសារ នាំជូនទៅពេទ្យដោយខ្លួនឯង ខណៈដែលរថយន្តបង្កបើកគេចទៅបាត់ ៕

Share.