បាត់ដំបង៖ ភ្នាក់ងារក្រុមហ៊ុនអគ្គិសនី២នាក់បានឡើងតភ្ជាប់បណ្តាញចរន្តនៅលើបង្គោលភ្លើងបានឆក់រងរបួសធ្ងន់ធ្ងរ។

គ្រោះថ្នាក់ខាងលើ បណ្តាលឲ្យបុរសចំនួន ២នាក់ ឆក់ចរន្តអគ្គីសនីជាប់នៅលើបង្គោលភ្លើងរងរបួសធ្ងន់ធ្ងរ នៅត្រង់ចំណុចវាលស្រែ ១០០ ភូមិស្លាកែត សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលបានកើតឡើងនៅវេលាម៉ោង ៥:៥០នាទីល្ងាច ថ្ងៃទី ២៨ សីហា ២០២១។

ប្រជាពលរដ្ឋនៅទីតាំងកើតហេតុបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុគ្គលិកជំនាញរបស់ក្រុមហ៊ុនអគ្គិសនីម្នាក់បានឡើងតបណ្តាញនៅលើបង្គោលភ្លើងបានមួយសន្ទុះក៏ទាក់ទងឆ្លើយឆ្លងគ្នាតាមប្រព័ន្ធអាយកូមចុះឡើងៗនិងឲ្យបើកបារ៉ែតភ្លើងដើម្បីធ្វើតេស្តចរន្តក៏ស្រាប់តែឆក់ប្រកាច់ធ្លាក់ចុះបន្តិច ប៉ុន្តែដងខ្លួនបានជាប់នឹងខ្សែក្រវ៉ាត់ការពារសុវត្ថិភាពនៅលើបង្គោលភ្លើង ឃើញដូច្នេះបុគ្គលិកម្នាក់ទៀតបានរួតរះឡើងទៅជួយក៏ស្រាប់តែឆក់ប្រកាច់ម្នាក់ទៀតបានធ្លាក់មកច្រកកៀវពីលើខ្សែភ្លើង ជាមួយនឹងបង្គោលភ្លើងក៏តោងជាប់មួយសន្ទុះធំទើបប្រមូលអារម្មណ៍បានឡើងមកវិញទំរាំក្រុមការងារជួយសង្គ្រោះជួយអន្តាគមន៍បាន។

អាជ្ញាធរសង្កាត់បានបញ្ជាក់ដែរថា ជនរងគ្រោះមានឈ្មោះឆេន ឈូ ហៅម៉ាប់ ភេទប្រុស អាយុ ២៥ឆ្នាំ និងម្នាក់ទៀតឈ្មោះខុត ខើយ ភេទប្រុស អាយុន២៥ឆ្នាំដូចគ្នាជាបុគ្គលិកក្រុមហ៊ុនអគ្គិសនីឯកជននៅទីក្រុងភ្នំពេញ ចុះមកបំពេញការងារតភ្ជាប់បណ្តាញ ចរន្តនៅខេត្តបាត់ដំបង។ ស្ថានភាពរបស់ជនរងគ្រោះមានសភាពធ្ងន់ធ្ងរខ្លាំង៕

អត្ថបទ៖ ដំបងក្រញូង

Share.