ភ្នំពេញ៖ បុរសម្នាក់ហេតុតែជីវភាពខំជិះម៉ូតូចេញពីស្រុក ឌុបទាំងសាច់ញាតិម្នាក់រួមដំណើរជាមួយផង បំណងធ្វើដំណើរទៅលេងប្រពន្ធ និងរកការងារធ្វើផង កំពុងតែជិះម៉ូតូតាមផ្លូវ ត្រូវបានរថយន្តដឹកបេតុង បុកស្លាប់ ផ្លោងធ្លាក់ចូលក្នុងប្រឡាយទឹក ចំណែកសាច់ញាតិម្នាក់ទៀត រងរបួសធ្ងន់ ស្ត្រីជាប្រពន្ធបានត្រឹមស្រែកទហោយំឱបសពប្តី រីឯរថយន្តបង្កបន្តដំណើរបើកគេចទៅបាត់  កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ នៅតាមមហាវិថី ឈ្នះ ឈ្នះ ចំណុចភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ គង់ គា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកសិករ មានស្រុកកំណើត ភូមិពានរោង ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង មានប្រពន្ធឈ្មោះ វិន សៃ អាយុ៣៣ឆ្នាំ មានកូន១នាក់ មានស្រុកកំណើត ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ចំណែកជនរងគ្រោះម្នាក់ទៀតត្រូវជាសាច់ញាតិខាងប្រពន្ធ របួសធ្ងន់ត្រូវបានរថយន្តគ្លីនិកឯកជនដឹកយកទៅព្យាបាល ។

បើតាមក្រុមគ្រួសារសព បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ ជិះម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IE-5161 ជិះឌុបគ្នា២នាក់ មានទាំងបង្វិចខោអាវផង ធ្វើដំណើរចេញពីផ្ទះនៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្នុងបំណងឆ្ពោះទៅលេងប្រពន្ធ និងរកការងារធ្វើ នៅបន្ទប់ជួល សង្កាត់កំបូល ខណ្ឌកំបូល ធ្វើដំណើរកាត់តាមមហាវិថីឈ្នះ ឈ្នះ ពីកើតទៅលិច ដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តប្រភេទដឹកបេតុង មួយគ្រឿង ពណ៌ខៀវ មិនចាំស្លាកលេខ បើកស្របទិសបុកពីក្រោយ ផ្លោងខ្ទាតធ្លាក់ចូលក្នុងប្រឡាយ បណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ខណៈដែលជនរងគ្រោះកំពុងជិះម៉ូតូឌុបគ្នា ស្រាប់តែមានរថយន្តដឹកបេតុង បើកបុកពីក្រោយ ហើយបើករត់គេចបាត់ ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យ ស្លាកស្នាម រួចប្រគល់សពជូនក្រុមគ្រួសារចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ចំណែកម៉ូតូ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅផ្នែកជំនាញជាបណ្តោះអាសន្ន រងចាំបន្តស្រាវជ្រាវស្វែងរករថយន្តបង្ក ៕

Share.