ប្រសិន​បើ​អ្នក​មិន​ទាន់ជា​ហ្វេន​​ទស្សនា​រឿង​ភាគ​កូរ៉េ ​ អ្នក​អាចចាប់​ផ្ដើម​ទស្សនា​កុន​មនោសញ្ចេតនា​ចំនួន​៥​ដែល​ជា​រឿង​ដ៏​ល្អនិង​មាន​ការ​ពេញ​និយម​ខ្លាំង​ ​។

ភាពយន្តកូរ៉េ​ ត្រូវ​បាន​អ្នក​ទស្សនា​ពេញ​និយម​និងវាយ​តម្លៃ​ខ្ពស់​ថា​​ជា​ប្រភេទ​រឿង​​មាន​គុណភាព និង​គុណតម្លៃអប់រំ​​ ។ ថ្ងៃនេះ​ត្រយង​សូមលើក​យកភាពយន្ត​ខ្នាតធំ​​បែប​មនោសញ្ចេតនា​ចំនួន ​៥​រឿង​មក​បង្ហាញ​ជូន​។

  • Kim Ji-Young, Born 1982 

ភាពយន្ត​​ផលិត​ចេញពី​សៀវភៅប្រលោម​លោក​​នេះ បាន​​បញ្ចាំង​កាល​ពី​ថ្ងៃ​ទី​២៣ តុលា ឆ្នាំ២០១៩ សម្ដែង​ដោយ​ Gong Yoo និង​ Jung Yumi បរិយាយ​ពីឧបសគ្គ​នានា​ដែល​ស្ត្រី​​ក្នុង​គ្រួសារបិតា​និយមត្រូវប្រឈម​នៅ​ក្នុង​ប្រទេស​កូរ៉េ​ មិន​ថា​នៅ​ក្នុង​ការងារ​ឬ​នៅ​ក្នុង​គ្រួសារ​ដែល​មាន​ទំនោរ​ប្រកាន់​ប្រពៃណីបែប​ចាស់​គំរិល​​ ខណៈ​ សាមី​ខ្លួន​​ព្យាយាមបញ្ជ្រាបខ្លួន​ចូល​ក្នុង​សង្គម​ដ៏​ទាន់​សម័យ​។

  • Tune in For Love or Yoo Yeol’s Music Album 

ភាពយន្ត​មនោសញ្ចេតនា​ស្នេហា​កម្សត់​ ដែល​សម្ដែង​ដោយ​ Kim Go Eun និង Jung Hae In នេះ សាច់​រឿង​ឆ្លុះ​បញ្ចាំង​ពី​ស្នេហា​ដ៏​សែន​ឈឺចាប់​ដែល​មនុស្ស​ពីរ​នាក់​ស្រលាញ់​គ្នា​ប៉ុន្តែ​ខុស​កាលៈទេសៈ ធ្វើឱ្យ​ជួប​នឹង​រៀងរ៉ាវ​ផ្សេង​ៗ​កើត​ឡើង​ ជា​ពិសេសឧបសគ្គស្នេហា​នានា​របស់​តួអង្គ​ទាំង​ពីរ​ ដែល​ត្រូវ​ឆ្លងកាត់​ ធ្វើ​ឱ្យ​អ្នក​ទស្សនា​បង្ហូរ​ទឹក​ភ្នែក​តាម​តួអង្គ​ដូច​គ្នា​។

  • Be With You 

ភាពយន្ត​ខ្នាត​ធំ​បែប​អភិនិហារ​ដ៏​ល្អ​ឯក​នេះ​ គឺជា​រឿង​ដែល​ផលិត​យក​លំនាំ​តាម​ភាពយន្ត​ខ្នាត​ធំ​ជប៉ុន​ដែល​មាន​ចំណង​ជើង​ដូច​គ្នា​ និង​ បាន​ដាក់​បញ្ចាំង​កាល​ពី​ឆ្នាំ​២០០៤​។ រឿង​នេះ​សម្ដែង​ដោយ​ So Ji Sub និង Son Ye Jin  ​ ដោយ​រឿង​នេះ​ និយាយ​ពី​ស្ត្រី​ម្នាក់​ដែល​បាន​ស្លាប់​បាត់​បង់​ជីវិត​ស្រាប់​តែ​ត្រលប់​មក​ជួបជុំ​ស្វាមី​និង​កូន​ប្រុស​វិញ​ នៅ​ក្នុង​ថ្ងៃ​ដែល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​មួយ​។ រឿង​នេះ​បង្រៀន​មនុស្ស​ឱ្យ​ស្រលាញ់​គ្រួសារ​ ពេល​មាន​ឱកាស​បាន​រស់​នៅ​ជាមួយ​គ្នា ចៀសវាង​​ហួស​ពេល​ទើប​ស្ដាយ​ក្រោយ។ ដូច្នេះ​បើ​អ្នក​ចូល​ចិត្ត​រឿង​បែប​គ្រួសារ​ មាន​បង្កប់​ដោយ​មនោសញ្ចេតនា ត្រូវ​តែ​ទស្សនា​រឿង​នេះ​។

  • One Day

រឿង​នេះ​​ពិពណ៌នា​ពី​តួ​អង្គ​អ្នក​តាម​ដាន​ធានារ៉ាប់រ៉ង Lee Kang Soo (សម្ដែង​ដោយ Kim Nam Gil) ដែល​មាន​សមត្ថភាព​ពិសេស​អាច​មើល​ឃើញ​និង​អាច​ទាក់ទង​ជាមួយ ​នឹង​ព្រលឹង​ដែល​ជា​អតិថិជន​របស់​លោក។ ថ្ងៃមួយ​ Lee Kang Soo ដែល​កំពុង​ស្ថិត​ក្នុង​អាការៈ ខូម៉ា ថ្ងៃ​មួយ​ព្រលឹង​របស់​នាងបាន​ជួប​នឹង Lee Kang Soo ព្រម​ទាំង​បង្រៀន​ឱ្យ​គេ​ដឹង​ពី​អត្ថន័យ​ជីវិត​ ចេះ​ដោះលែង​ ហើយ​រស់​នៅ​ដោយ​រីករាយ​ប្រៀប​ដូច​​ជាថ្ងៃ​ស្អែក​គឺជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ជីវិត​​។

5. A Man and a Woman

ភាពយន្ត​ដែល​ Gong Yoo សម្ដែង​ច្រើន​តែ​និយាយ​រឿង​គ្រួសារ​ ដូច​ជា​មនុស្ស​ចម្លែក​ពីរ​នាក់​បាន​ជួប​គ្នា​ ហើយ​បាន​ស្រលាញ់​គ្នា​ ប៉ុន្តែ​ក្នុង​ពេល​វេលា​មួយ​មិន​ស័ក្ដិសម​។ រឿង​នេះ​និយាយ​ពី​មនុស្ស​ពីរនាក់​បាន​ស្គាល់គ្នា​ក្រោយ​យក​កូន​ៗ​ទៅ​ចូលរួម​ក្នុង​ជំរុំ​ ក្រោយ​មក​ក៏​បែក​គ្នា​ ហើយ​បាន​ជួប​គ្នា​ម្ដង​ រួច​ហើយ​ក៏​បែក​គ្នា​ទៀត​។ ភាពយន្ត​ដែល​មើល​សាមញ្ញ ហាក់​មិនមាន​អ្វី​នេះ​បាន​ក្លាយ​ជា​រឿង​មនោសញ្ចេតនា​ដ៏​ឯក​តាម​រយៈ​ថ្វី​ដៃ​សម្ដែង​របស់​តួអង្គ​ឆ្នើម​ Gong Yoo និង​ Jeon Do Yeon ។

ទស្សនា​វីដេអូ​ព័ត៌មាន​ខាង​ក្រោម​នេះ​៖

Telegram-Troryorng
Share.