តារាចម្រៀងប្រចាំផលិតកម្មហង្សមាស សួស វីហ្សា បានវិលជួបជុំក្រុមគ្រួសារយ៉ាងមានក្ដីសុខវិញហើយនៅថ្ងៃទី២៤ខែមេសានេះ ក្រោយធ្វើតេស្ដជំងឺកូវីដ-១៩ ទទួលបានលទ្ធផលជាសះស្បើយ១០០ភាគរយ។ នេះបើយោងតាមស្វាមីរបស់អ្នកនាងលោក Tommy បានបង្ហោះនៅលើបណ្ដាញសង្គម។
អ្នកនាង សួស វីហ្សា គឺជាតារាចម្រៀងក្នុងទ្រនំផលិតកម្មហង្សមាសដែលបានឆ្លងជំងឺកូវីដ-១៩ ហើយធ្វើតេស្ថរហូតដល់ទៅ៣លើកទើបរកឃើញមានវិជ្ជមានជំងឺនេះ និងត្រូវបាននាំយកទៅសំរាកព្យាបាលនៅសណ្ឋាគារ The Great Duke។

នៅថ្ងៃទី ៧ ខែមេសា ក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យអ្នកនាងត្រលប់មកសំរាកនិងផ្ទះវិញដោយលទ្ធផលតេស្ដអវិជ្ជមាន ប៉ុន្តែទោះជាយ៉ាងនេះក្ដីពេលមកដល់ផ្ទះអ្នកនាងនៅតែបន្តឃុំខ្លួនដាច់ដោយឡែកពីសមាជិកគ្រួសារពិសេសស្វាមីនិងកូនស្រីសម្លាញ់ចិត្ត រហូតមកដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ពោលគឺ៤ថ្ងៃក្រោយពីអ្នកនាង សួស វិហ្សា បានយកតេស្តសំណាកជាលើកចុងក្រោយកាលពីថ្ងៃទី២០ខែមេសា ដោយលទ្ធផលបានបញ្ជាក់ថាពេលនេះអ្នកនាងពិតជាបានជាសះស្បើយពីជំងឺកូវីដ-១៩ មួយរយភាគរយហើយ។

ក្រោយទទួលបានលទ្ធផលបញ្ជាក់ពីគ្រូពេទ្យរួច តារាចម្រៀងរូបនេះបានចេញពីក្នុងបន្ទប់ឃុំខ្លួនដើម្បីមកជួបជុំជាមួយនឹងក្រុមគ្រួសារភ្លាមៗ ក្នុងនោះកូនស្រីវ័យជាង៦ខែ Jenny ព្រមទាំងស្វាមីលោក Tommy និងទទួលបានទឹកមន្តប្រោះព្រំពរជ័យពីអ្នកមានគុណផងដែរ។