ពោធិ៍សាត់៖ ជនជាតិចិនចំនួនពីរនាក់បានស្លាប់ភ្លាមភ្លាមនៅនឹងកន្លែង ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តម៉ាក Bentley បើកបរដោយជនជាតិចិនក្នុងល្បឿនលឿន មកបុកចំពីមុខពេញទំហឹងពេលកំពុងដើរនៅលើដងផ្លូវ។

ហេតុការណ៍នេះ ស្ថិតនៅលើផ្លូវបេតុងចំណុចខាងមុខអាគារក្រុមហ៊ុនចិនក្នុង ភូមិ សង្គមថ្មី ឃុំ ថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង 3 និង 33 នាទីរសៀលថ្ងៃទី 29 ខែសីហាឆ្នាំ 2021។

លោក ធាងឡេង អធិការនគរបាលស្រុកវាលវែងប្រាប់ឲ្យដឹងថា ជនរងគ្រោះឈ្មោះ WANG CHONG ភេទប្រុសអាយុ 26 ឆ្នាំ និងម្នាក់ទៀតឈ្មោះ ZENG BTAO ភេទប្រុសអាយុ 38 ឆ្នាំ ទាំងពីរនាក់ជាបុគ្គលិកក្រុមហ៊ុនស្នាក់នៅក្នុងក្រុមហ៊ុនចិនក្នុងភូមិកើតហេតុខាងលើ។

លោកបានបញ្ជាក់ទៀតថា នៅមុនពេលកើតហេតុជនរងគ្រោះទាំង 2នាក់ខាងលើកំពុងដើរនៅលើដងផ្លូវពីជើងទៅត្បូង ស្រាប់តែរថយន្តបង្កម៉ាកBentley ពណ៌សលាយទឹកប្រាក់ ពាក់យស្លាកលេខបាត់ដំបង 2E- 3333 បើកបរក្នុងល្បឿនយ៉ាងលឿនបុកពីក្រោយជនជាតិចិនយ៉ាងពេញទំហឹងបណ្ដាលឱ្យជនរងគ្រោះទាំងពីរនាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្ដង។ ក្រោយកើតហេតុភ្លាមជនបង្កបានទុករថយន្តចោលរួចរត់គេចខ្លួនបាត់ស្រមោលតែម្ដង។

ចំពោះសពជនរងគ្រោះយកទៅដំកល់ទុកនៅមណ្ឌលសុខភាពថ្មដា ចំណែករថយន្តបង្កសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មដាដើម្បីបន្តនីតិវិធីច្បាប់៕

Share.