បន្ទាយមានជ័យ៖ ទាំងចោរ និងអ្នកទិញម៉ូតូត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់ នៅរសៀលថ្ងៃទី30 ខែសីហា ឆ្នាំ2021 ម្សិលមិញនេះ។

ដោយទទួលបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួល ពី ឯកឧត្ដម កើត វណ្ណារ៉េត ព្រះរាជអជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យពីរនាក់ជាអ្នក ម្នាក់លួចម៉ូតូ និងម្នាក់ទៀតជាអ្នកទិញម៉ូតូពីចោរ (ទទួលផលចោរកម្ម)។

ជនសង្ស័យទី1មានឈ្មោះ ដេត ដារ៉េ ហៅស្វិត ភេទប្រុស អាយុ16ឆ្នាំ (ជនសង្ស័យលួចម៉ូតូ) និងទី2 ឈ្មោះ សឿង សំអុន ភេទប្រុស  អាយុ៤១ឆ្នាំ ជាអ្នកទិញ(អ្នកទទួលផលចោរកម្ម)។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បញ្ជាក់ថា ជនសង្ស័យឈ្មោះ ដេត ដារ៉េ ហៅស្វិត បានឆ្លើយសារភាពថា រូបគេពិតជាបានលួចម៉ូតូ1គ្រឿងម៉ាកហុងដាស្គុបពី ពណ៌ស ផលិតឆ្នាំ2012 ពាក់ស្លាកលេខ ភ្នំពេញ 1CB -7429 ពេលដែលម្ចាស់គេទុកម៉ូតូចោលមុខផ្ទះភ្លេចដកសោរ កាលពីថ្ងៃ26 ខែសីហា ឆ្នាំ2021 នៅក្នុងភូមិ ក្បាលស្ពាន1 សង្កាត់ក្រុងប៉ោយប៉ែត ពិតប្រាកដមែន។ បន្ទាប់មកបានយកលក់ឲ្យជនសង្ស័យឈ្មោះ សឿង សំអុន ភេទប្រុស  អាយុ41ឆ្នាំ ក្នុងតម្លៃ 6000បាត តែយកលុយទិញគ្រឿងញៀនប្រើប្រាស់ និងដើរស៊ីចាយអស់ហើយ។

ជនសង្ស័យ រួមនិងវត្ថុតាង កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនអ្នកលួចម៉ូតូ និងអ្នកទិញម៉ូតូ ដើម្បីរៀបចំបញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមច្បាប់ ចំណែកវត្ថុតាងម៉ូតូ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ប្រគល់ឱ្យម្ចាស់ដើមវិញហើយ៕

អត្ថបទ៖​ ប៉ោយប៉ែត

Share.