ផេក​ផ្លូវ​ការ​ Miss Grand International បាន​ធ្វើ​សេចក្ដី​ប្រកាស​ហើយ​ថា​កម្មវិធី​ Miss Grand International នឹង​ប្រារព្ធ​ឡើង​នៅ​ខេត្ត​ ភូកេត ព្រះរាជាណាចក្រ​ថៃ​។

មួយ​រយៈ​កន្លង​មក​នេះ​ ដោយ​សារ​តែ​ប្រទេស​ថៃ​មាន​បញ្ហា​វិបត្តិ​នយោបាយ​ផង វិបត្តិ​រីករាលដាលជំងឺ​កូវីដ​១៩​ផង ដូច្នេះ​រឿង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កម្មវិធី​ប្រកួត Miss Grand International ត្រូវ​បាន​ជជែក​វែក​ញែក​គ្នា​ខ្លាំង​នៅ​លើ​សង្គម​អនឡាញ​ ព្រោះ​តែ​ហ្វេន​គាំទ្រ​កម្មវិធី​ប្រកួត​ដ៏ធំ​​នេះ​ បាន​យល់​ឃើញ​ថា​កម្មវិធី​អាច​នឹង​មក​រៀបចំ​ក្នុង​ប្រទេស​ខ្លួន​ ដោយ​ក្នុង​នោះ​មាន​ប្រទេស​ កម្ពុជា ប្រទេស ឥណ្ឌូនេស៊ី និង​ប្រទេស​ហ្វីលីពីន​ជា​ដើម​។

កម្ពុជា​ដែល​មាន​ក្រុមហ៊ុន​មហាហង្ស​ទទួល​បាន​កម្មសិទ្ធិ​បញ្ញា​រៀបចំ​ការ​ប្រកួត​ជ្រើសរើស​ស្រីស្អាត​ក្នុង​ស្រុក​ ហាក់​មានក្ដី​សង្ឃឹម​ច្រើន​នឹង​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ ប៉ុន្តែ​បញ្ហា​កញ្ចក់​ថវិកា​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​នៅ​កម្ពុជា​មិនហ៊ាន​សង្ឃឹម​ច្រើន​នោះ​ទេ​ ខណៈ​ដែល​ប្រទេស​ឥណ្ឌូនេស៊ីឯណោះ​ ក៏​ដាក់​ការ​រំពឹង​ខ្ពស់​ថា​នឹង​បាន​​រៀបចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កម្មវិធី​ MGI 2021 (Miss Grand International) ដូចគ្នា។

ប៉ុន្តែ​អ្វី​ៗ​ហាក់​បញ្ជាក់​យ៉ាង​ច្បាស់​ លែង​មាន​ជា​មន្ទិល​សង្ស័យ​សម្រាប់​អ្នក​គាំទ្រ​ទៀត​ ព្រោះ​ផេក​ MGI បាន​ធ្វើ​ការ​ផុស​វីដេអូ​បញ្ជាក់​ជា​ផ្លូវការ​ហើយ​ថា​ កម្មវិធី​ប្រកួត​ដ៏ធំ​នេះ​នឹង​ប្រារព្ធ​ឡើង​នៅ​ប្រទេស​ថៃ​ នាខេត្ត​ ភូកេត។

កម្មវិធី​​ប្រកួតសម្រស់​ដ៏​ធំ​មាន​សញ្ជាតិ​ដើម​ថៃ​នេះ​នឹង​ប្រកួត​ផ្ដាច់ព្រ័ត្រ​នៅ​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០២១៕

Telegram-Troryorng

Share.