ក្រុងព្រះសីហនុ៖ សមត្ថកិច្ចអធិការក្រុងព្រះសីហនុបានឃាត់ខ្លួនជនជាតិចិនចំនួន​៤នាក់​ ព្រោះតែរឿងទំនាស់គ្នាពាក់ព័ន្ធលុយកាក់។ ហេតុការណ៍នេះកើតឡើង​តាមបណ្ដោយផ្លូវឯករាជ្យ កែងផ្លូវ ២០០ ស្ថិតក្នុងសង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ​ កាលពីវេលាម៉ោង៩:៣០នាទីយប់ថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០២១។

ការឃាត់ខ្លួនខាងលើនេះ ធ្វើឡើងដោយកម្លាំងស្នងការនគបាលក្រុងព្រះសីហនុ ដឹកនាំដោយលោកវរៈសេនីយ៍ឯក តី វិសាល អធិការក្រុងព្រះសីហនុ ទទួលបានព័ត៌មានថា​ មានករណីទំនាស់គ្នារវាងជនជាតិចិននឹងជនជាតិចិន បម្រុងនឹងផ្ទុះអាវុធ ហើយក៏បានឃាត់ខ្លួនជនជាតិចិនខាងលើនេះ។

យោងតាមការបំភ្លឺរបស់សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចដោយបានឃើញជនជាតិចិនចំនួន ២ក្រុម កំពុងតែមានទំនាស់ពាក្យសម្ដីទាក់ទិននិងរឿងលុយជាមួយគ្នាបង្កជាហិង្សា និងភាគីជម្លោះម្ខាងទៀតមានអាវុធនៅក្នុងដៃផងដែរ កើតហេតុនៅតាមបណ្ដោយផ្លូវ ៥០២ ជិតរង្វង់មូលតោពីរ បន្ទាប់ពីមានទំនាស់ពាក្យសម្ដីពាក់ព័ន្ធនឹងរឿងលុយ អស់រយៈពេលប៉ុន្មានម៉ោងកន្លងមក ភាគីមួយក្រុមដែលមានអាវុធនៅក្នុងដៃនោះបាននាំគ្នាឡើងរថយន្តមួយគ្រឿងម៉ាក lexus GS300 ពណ៌ស មិនចាំស្លាកលេខចេញពីចំណុចកើតហេតុឆ្ពោះឡើងទៅផ្លូវឯករាជ្យ ខណៈដែលរថយន្តខាងលើបានធ្វើដំណើរទៅដល់ចំណុចផ្លូវបំបែកជាបួនទល់មុខ ABA Bank ក៏ត្រូវបានសមត្ថកិច្ចដឹកនាំដោយលោកវិរៈសេនីយ៍ឯក តី វិសាល អធិការនគរបាលក្រុងព្រះសីហនុសហការជាមួយនឹងកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌនៃស្នងការនគរបាលខេត្តព្រះសីហនុ ធ្វើការស្ទាក់ឃាត់រថយន្តខាងលើនិងឃាត់ខ្លួនបុរសជនជាតិចិនចំនួន ៤ នាក់ ដកហូតបានអាវុធម៉ាករ៉ូឡូចំនួន១ដើម នាំយកទៅកាន់ស្នងការនគរបាលខេត្តព្រះសីហនុនឹងបន្តធ្វើការតាមនីតិវិធី៕

Share.