កើត​ជា​កូន​ប្រុស​របស់​បុគ្គល​ល្បី​លំដាប់​ពិភពលោក​ដូច​ជា​ Angelina Jolie និង Brad Pitt ច្បាស់​ជា​មិន​អាច​គេច​ផុត​បាន​ទេ​ពី​ការ​ឃ្លាំ​មើល​និង​តាមដាន​ពី​សំណាក់​អ្នក​សារព័ត៌មាននិង​សាធារណជន​  ទោះ​ជា​ឪពុក​ម្ដាយ​ដ៏​ល្បីល្បាញ​របស់​រូប​គេ​ព្យាយាម​យ៉ាង​ពេញ​ទំហឹងដើម្បី​ការពារ​ជីវិត​ឯកជន​របស់​កូន​ៗ​ក្ដី​។

Maddox Jolie-Pitt ថ្វី​ត្បិត​ត្រឹម​​ជា​កូន​ដែល​ Angelina Jolie និង Brad Pitt យក​មក​ចិញ្ចឹម​បីបាច់​ ប៉ុន្តែ​អ្នក​កំលោះ​វ័យ ​១៩​ឆ្នាំ​ គឺ​ជា​កែវភ្នែក​និងជា​បេះដូង​ ជា​កូន​ប្រុស​ច្បង​ដែល​ធ្វើ​ឱ្យ​​អ្នក​ស្រី​ Angelina Jolie ស្គាល់​ពាក្យ​ថា​ម្ដាយ​។

1.ឈ្មោះ​ដំបូង​របស់​ Maddox កូន​ប្រុស​ច្បង​ក្នុង​ត្រកូល​ Jolie-Pitt

មនុស្ស​ជា​ច្រើន​អាច​នឹង​មិន​ដឹង​ទេ​ថាឈ្មោះ​ដើម​របស់​ Maddox គឺ​ Rath Vibol កុមារា​ជនជាតិ​កម្ពុជា​ កូន​ប្រុស​ច្បង​ ដែល​ Angelina Jolie និង​ Brad Pitt យក​មក​ចិញ្ចឹម​បីបាច់​ពី​មណ្ឌល​កុមារ​កំព្រា ក្នុង​ខេត្ត​បាត់​ដំបង កាល​ពី​២០០២ ខណៈ​នៅ​ត្រឹម​ជា​ទារក​វ័យ​៧ ខែ​។ ទារក​តូច​ដែល​ធ្វើ​ឱ្យ​តារា​សម្ដែង​ល្បី​ឈ្មោះ​លំដាប់​ពិភពលោក​ស្គាល់​ពាក្យ​ថា​ម៉ែ កូន​ប្រុស​រូប​នេះ​ទទួល​បាន​ការ​ស្រលាញ់​ ថែទាំ ​និង​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ពី​ម្ដាយ​របស់​ខ្លួន​អ្នក​ស្រី​ Angelina Jolie ប្រៀបដូច​ជា​កូន​បង្កើត​ដែល​កើត​ចេញ​ពីផ្ទៃ​របស់​ខ្លួន​ដូច្នោះ​ដែរ​។

2. Maddox គឺជា​កម្លាំង​ជំរុញ​ទឹក​ចិត្ត​ក្នុង​ការ​បង្កើត​មូលនិធិ Jolie-Pitt

ប្រទេស​កម្ពុជា​ប្រៀបដូច​ជា​ផ្ទះ​ទីពីរ​សម្រាប់​ Angelina Jolie ក៏​ថា​បាន​ដែរ​ ម្យ៉ាង​វិញ​ទៀត​​ស្ត្រី​ដ៏​ល្បី​រូប​នេះ​ ​បាន​លង់​ស្រលាញ់​ប្រទេស​កម្ពុជា​ព្រោះ​ជា​ទឹកដី​កំណើត​កូនប្រុស​ដំបូង​របស់​ខ្លួន​។ ក្នុង​ឋានៈ​ជា​បេសកជនពិសេសរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិសម្រាប់ជនភៀស(UNHCR)  Jolie បាន​បង្កើត​មូលនិធិ​ Maddox Jolie-Pitt ដែល​ជាមូលនិធិ​ជួយ​សង្គ្រោះដល់​ពលរដ្ឋ​កម្ពុជា​ដែល​ក្រខ្សត់​និង​ជួយ​គាំទ្រដល់​ស្ត្រី​ជាពិសេស​ធ្វើ​ការងារ​អនុរក្ស​មរតក​ធម្មជាតិ​របស់​កម្ពុជា ក្នុងនោះ​មានធម្មជាតិ​ ​និង​សត្វព្រៃ​។ ក្រៅ​ពី​នេះ​ Angelina Jolie នៅ​បង្កើត​មណ្ឌល​កុមារ​កំព្រា Maddox Chivan នៅ​ក្នុង​ក្រុង​ភ្នំពេញ​ដែល​ជា​ផ្ដោត​សំខាន់លើ​កុមារកើត​ជំងឺ​អេដស៍​ឬ​កុមារ​ងាយ​រងគ្រោះ​ព្រោះ​ជំងឺ​អេដស៍ ដោយ​មជ្ឈមណ្ឌល​នេះ​បង្កើត​ឡើង​ដើម្បី​ជា​កិត្តិយស​ដល់​កូន​ប្រុស​ច្បង​របស់​ខ្លួន​។

3.ប្ដូរ​ជីវិត​ពី​កូន​សេដ្ឋី​ក្លាយ​ជា​ក្មេង​គេង​ក្នុងអន្តេវាសិកដ្ឋាន

ជីវិត​របស់​ Maddox រស់​ក្នុង​ភាព​ស្រណុក​សុខ​ស្រួល​មិន​បាច់​លំបាក​ធ្វើ​អ្វី​នោះទេ ព្រោះ​ជា​កូន​ប្រុស​ច្បង​របស់​បុគ្គល​ល្បី​មាន​កេរ្តិ៍ឈ្មោះ​លំដាប់​ពិភពលោក​។ តាំងពី​តូច​រហូត​ធំដឹងក្ដី​គេ​រស់​ក្នុង​ភូមិគ្រឹះ​តម្លៃ​វាល់​លាន​ដុល្លារ​ ប៉ុន្តែ​គ្រប់​យ៉ាង​បាន​ផ្លាស់​ប្ដូរ​នៅ​ពេល​ Maddox សម្រេច​ចិត្ត​ផ្លាស់​ទៅ​សិក្សា​នៅ​ប្រទេស​កូរ៉េ​ ក្នុង​មហាវិទ្យាល័យ​យ៉ន់សេ មុខ​ជំនាញ​គីមីវិទ្យា។ ក្រៅ​ពី​ត្រូវ​បែក​ផ្ទះ​ហើយ​ Maddox ត្រូវ​គេង​រួម​បន្ទប់​ជាមួយ​នឹង​មិត្តរួម​បន្ទប់​ និង ត្រូវ​ប្រើ​បន្ទប់​ទឹក​រួម​ជាមួយ​នឹង​អ្នក​ផ្សេង​ផង​ដែរ​។

4. សម្ព័ន្ធ​ភាព​រវាង​ឪពុក​និង​កូនប្រេះឆា

កាល​ពី​ឆ្នាំ​ ២០១៦ មាន​លេចចេញ​ដំណឹង​លែងលះ​គ្នា​រវាង​ Angelina Jolie និង​ Brad Pitt ធ្វើ​ឱ្យ​កក្រើក​ពិភព​សិល្បៈ​ ឬ​អាច​និយាយ​បាន​ថា​ព័ត៌មាន​អាស្រូវ​ដែល​ល្បីល្បាញ​ពេញ​ពិភពលោក​។ សារព័ត៌មានធំ​ៗ​បាន​បញ្ចេញ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​មូកហេតុ​សំខាន់​ដែល​ធ្វើ​ឱ្យ​គូស្នេហ៍​ដ៏​មាន​ឥទ្ធិពល​មួយ​គូ​នេះ​ចែក​ផ្លូវ​គ្នា​យ៉ាង​ទាន់​ហន់​ ដោយ​មូលហេតុ​នោះ​កើត​ចេញ​ពី​ Brad Pitt និង​ Maddox បាន​ឈ្លោះ​ប្រកែក​គ្នា​ខ្លាំង​លើ​យន្ត​ហោះ​ផ្ទាល់​ខ្លួន​ ខណៈ​ដែល​គ្រួសារ​របស់​ខ្លួន​ធ្វើ​ដំណើរ​ពី​បារាំង​ទៅ​ L.A. សហរដ្ឋអាមេរិក​។ ព័ត៌មាន​បាន​ផ្សាយ​ទៀត​ថា​ Brad Pitt បាន​ប្រើ​ហិង្សា​លើ​ Maddox ដោយ​សារ​តែ​កូនប្រុស​ច្បង​រូប​នេះ​បាន​ចេញ​មុខ​ការពារ​ម្ដាយ​ ព្រោះ​តែ​ខឹង​ដែល​ភរិយា​ស្នើ​សុំ​ឱ្យ​គេ​ស្ងាត់​មាត់​។ ព័ត៌មាន​នៅ​ផ្សាយ​ទៀត​ថា​មូលហេតុ​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​ Maddox បដិសេធ​មិននិយាយ​ស្ដី​ជាមួយ​នឹង​ឪពុក​របស់​ខ្លួន​រហូត​មក​ដល់​បច្ចុប្បន្ន​ទោះ​ជា​ Brad Pitt ព្យាយាម​ចូល​ទៅ​ជិត​និង​សាង​សម្ព័ន្ធ​ភាព​ជាមួយ​នឹងកូន​ប្រុស​យ៉ាង​ណា​ក្ដី​៕

បច្ចុប្បន្ននេះ​ Maddox Chivan Jolie Pitt មាន​អាយុ​ ២០​ឆ្នាំ​ បុរសវ័យ​ក្មេង ​រូប​នេះ​កើត​នៅ​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០០១ ជានិស្សិត​កំពុង​សិក្សា​ជំនាញ​គីមីវិទ្យា នៅ​សកល​វិទ្យាល័យ​ យ៉ន់​សិ ក្នុង​ប្រទេស​កូរ៉េខាង​ត្បូង​៕

ទស្សនាវីដេអូ​ព័ត៌មាន​នេះ​ខាង​ក្រោម​៖

Telegram-Troryorng
Share.