នៅ​ថ្ងៃ​ទី​២ ខែ​កញ្ញា​ ឆ្នាំ​២០២១ វេលា​ម៉ោង​ប្រមាណ​ជាង ​៥​ល្ងាច​ តារា​សម្ដែង​​និង​​ជា​ពិធីករ​វ័យ​ក្មេង​ លោក យក់ ឆេងហាក់​ បាន​ធ្វើ​ការ​បង្ហោះ​ថាមាន​ជនអនាមិក​បាន​ប្រើ​រូប​លោក​យក​ទៅ​បោកប្រាស់​ចិត្ត​និង​​លុយ​ពី​មនុស្ស​ស្រី​អស់​រាប់​ពាន់​ដុល្លារ​។

យោង​តាម​ការ​បង្ហោះ​របស់​លោក​នៅ​លើ​បណ្ដាញ​សង្គម​​ លោក​បាន​និយាយ​ថា​នេះមិនមែន​ជា​លើក​ទីមួយ​ឡើយ​ដែល​ជន​ខិលខូច​ប្រើប្រាស់​រូបថត​​លោក​​ទៅ​បង្កើត​ Account ក្លែងក្លាយ​ ដើម្បី​យក​ទៅ​បោក​ប្រាស់​លុយ​ពី​មនុស្ស​ស្រី​ ក្រោម​រូបភាព​ផ្សេងៗ​។

តួ​សម្ដែង​ពី​ភាពយន្ត​ភាគ​ខ្មែរ​រឿង​​ «កញ្ញា​មុខ​ឈើ​» រូប​នេះ​បាន​អះអាង​ថា​រូប​លោក​ប្រើប្រាស់​គណនី​ហ្វេសប៊ុក​តែ​មួយ​គត់​ដែល​ដាក់​ឈ្មោះ​ពិត​របស់​លោក​ផ្ទាល់​គឺ​ យក់ ឆេងហាក់​ ជាភាសាអង់គ្លេស​ (Youk Chhenghak) ចំពោះ​គណនី​​មាន​​​ឈ្មោះ​ផ្សេង​ៗ មិន​មែន​​ជា​របស់​លោក​នោះ​ទេ​។

សារព័ត៌មាន​ត្រយង​បាន​ធ្វើ​ការ​ទំនាក់ទំនង​ទៅ​កាន់​តារា​រូប​នេះ​ដើម្បី​សាកសួរ​ឱ្យ​កាន់​តែ​កម្អិត​ចំពោះ​បញ្ហាដែល​លោក​កំពុង​តែ​ប្រឈម​ដោយ​លោក​បាន​ឆ្លើយ​តប​មក​ថា​៖ «គណនី​ដែល​បាន​យក​រូប​លោក​ទៅ​ប្រើប្រាស់​នោះ​​បាន​ដាក់​ឈ្មោះ​ថា​ វណ្ណា រ៉ុងរ័ត្ន (Vanna Rong Rath) ហើយ​គណនី​នោះ​បាន​យក​ទៅ​ទាក់ទង​ជាមួយ​នារី​ម្នាក់​ ដោយ​បច្ចុប្បន្ន​នារី​រូប​នោះ​ បាន​យល់​ច្រឡំ​ហើយ​ ចោទ​ប្រកាន់​លើ​រូបលោក​ ថែម​ទាំង​ផុស​បរិហាកេរ្តិ៍​លោក​លើ​បណ្ដាញ​សង្គម​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​លោក​ជា​ខ្លាំង​»

លោក យក់ ឆេងហាក់​ ប្រាប់​មក​កាន់​សារព័ត៌មាន​ត្រយង​ដែរថ​ា​នេះ​មិនមែន​ជា​លើក​ទីមួយ​ឡើយ​ដែល​លោក​ជួប​រឿង​អកុសល​ ហើយ​ត្រូវ​គេ​យល់​ច្រឡំ​ ដូច​ដែល​លោក​បាន​ផុស​លើ​បណ្ដាញ​សង្គម​យ៉ាង​ដូច្នោះ​ដែរ មាន​អ្នក​ខ្លះ​ទៀ​ត​បាន​យក​រូប​លោក​ទៅ​សន្យា​រៀបការ​ជាមួយ​នឹង​គេ​ ដែល​ធ្វើ​ឱ្យ​ត្រូវ​ប្រឈម​មុខ​នឹង​គ្រួសារ​ខាង​ស្រី​​ក៏​មាន​។

លោក​ក៏​បាន​បង្ហាញ​ការ​សោកស្ដាយ​ខ្លាំងដែរដែល​មាន​មនុស្ស​ត្រូវ​ចាញ់​បោក​ និងរងគ្រោះ​អស់​ប្រាក់​ដោយ​សារ​តែ​ជន​ខិលខូច​បាន​ប្រើប្រាស់​រូប​ថត​របស់​លោក​ ប៉ុន្តែ​ជា​យោបល់​របស់​លោក លោក​ស្នើសុំ​ឱ្យ​ជន​រងគ្រោះ​​ត្រលប់​ទៅ​ស្រាវជ្រាវ​គណនី​នោះ​ឡើងវិញ​។

តារា​សម្ដែង​រូប​នេះ​​ក៏​បាន​បញ្ជាក់​​ថា​លោក​កំពុង​តែ​ស្វែង​រក​ដំណោះ​ស្រាយ​ដោយ​លោក​បាន​ស្នើ​ទៅ​កាន់​នាយកដ្ឋាន​ប្រឆាំង​បទ​ល្មើស​បច្ចេកវិទ្យា (Anti Cyber Crime) ព្រម​ទាំង​កំពុង​សិក្សា​ ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​សមត្ថកិច្ច​ដើម្បី​ការពារ​ភាព​ស្អាត​ស្អំ​ និង​កិត្តិយស​កេរ្តិ៍​ឈ្មោះ​លោក និង​ក្រុម​គ្រួសារ​របស់​លោក​។

ជា​ចុង​ក្រោយ​លោក​ យក់ ឆេង​ហាក់​ បាន​អះអាង​ថា​ លោក​ មិនមាន​ប្រើប្រាស់​គណនី​ក្លែងក្លាយ​នោះ​ទេ​ ហើយ​លោក​ក៏​មិន​ដឹង​រឿង​ដូច​ការចោទ​ប្រកាន់​ណាមួយ​នោះ​ដែរ​ ជា​ពិសេស​នោះ​លោក​​រូប​ផ្ទាល់ ​ក៏​កំពុង​តែ​សិក្សា​​ផ្លូវ​ច្បាប់​ដើម្បី​ស្វែងរក​យុត្តិធម៌​និង​ភាព​ស្អាត​ស្អំ​សម្រាប់​ខ្លួន​​លោក​​ត្រលប់​មក​វិញ​ផង​ដែរ​៕​

Telegram-Troryorng

Share.