ក្រោយពីមានកម្មករជាច្រើននាក់បានឆ្លងជំងឺកូវីដ១៩នោះ នៅពេលនេះ រោងចក្រ ម៉ាស្ទ័រ អេនហ្វ្រែងដែលស្ថិតនៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ត្រូវបានប្រែក្លាយជាទីកន្លែងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ និងជាមណ្ឌលចត្តាឡីស័ក សម្រាប់អ្នកជាប់ពាក់ព័ន្ធដោយផ្ទាល់ជាមួយអ្នកជំងឺកូវីដ-១៩។

ក្នុងពេលចុះត្រួតពិនិត្យការងាររបស់អាជ្ញាធរពាក់ព័ន្ធនៅយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ អភិបាលខេត្ត កណ្តាលឯកឧត្តម គង់ សោភ័ណ្ ឌបានជំរុញឲ្យក្រុមការងារពាក់ព័ន្ធបន្តយកចិត្តទុកដាក់ពន្លឿនការយកសំណាក បងប្អូនកម្មករ និយោជិត គ្រប់រោចក្រទាំងអស់នៅក្នុងមូលដ្ឋានស្រុកអង្គស្នួល និងបន្តគ្រប់គ្រងកំណត់មុខសញ្ញាអ្នកសង្ស័យពាក់ព័ន្ធផ្ទាល់យកសំណាកធ្វើតេស្ត និងនាំយកមកធ្វើចត្តាឡីស័ក។

រីឯអ្នកពាក់ព័ន្ធប្រយោល ត្រូវដាក់ឲ្យធ្វើចត្តាឡីស័កនៅតាមផ្ទះ ដោយមានការការពារគ្រប់គ្រង ឃ្លាំមើលពីកម្លាំងសមត្ថកិច្ច និងប្រជាការពារឲ្យបានម៉ត់ចត់។ អាជ្ញាធរក៏ត្រូវតែប្រមូលយកក្រុមអ្នកបើកបររថយន្តដឹកកម្មករ និងបុគ្គលិកផ្នែកអនាម័យ ធ្វើតេស្តរកមេរោគកូវីដ-១៩ ផងដែរ បើពួកមិនចូលរួមសហការជាមួយអាជ្ញាធរនោះទេ នឹងមិនអនុញ្ញាតឲ្យបន្ត ប្រកបរបរនេះបន្តទៀតឡើយ។ ក្នុងនោះឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំឲ្យអាជ្ញាធរពាក់ព័ន្ធត្រូវក្តាប់ស្ថិតិនិង ឃ្លាំមើល និងប្រមូលស្រង់យកនូវទិន្នន័យ អ្នកជំងឺ ឬអ្នកដែលទៅទិញថ្នាំពីគ្លីនិកឯកជន ឬឱសថស្ថាននានា ក្នុងករណីរកឃើញថា មានអ្នកជំងឺកូវីដ-១៩ ទៅគ្លីនិក ឬឱសថស្ថាននោះ ត្រូវបិទភ្លាម។ចំណែករោងចក្រក៏ដូច្នោះដែរ ប្រសិនបើរកឃើញថាកម្មករ និយោជិតមានជំងឺកូវីដ-១៩ ក៏នឹងត្រូវបិទជាបណ្តោះអាសន្នផងដែរ៕

Share.