ធម្មជាតិបានបង្កើតមនុស្សលោកមកអោយមានមនុស្សស្រីប្រុសព្រមៗជាមួយគ្នា ដើម្បីមានការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក។ ជាពិសេសគ្មានមនុស្សពេញវ័យណាម្នាក់អាចគេចផុតពីសេចក្ដីស្នេហាបានទេ។ ស្នេហាអាចធ្វើឲ្យជីវិតអ្នកប្រសើរឡើង ប៉ុន្ដែស្នេហាក៏អាចធ្វើឲ្យជីវិតអ្នកធ្លាក់ដល់ចំណុចសូន្យដែរ ជាពិសេសបើអ្នកស្ថិតក្នុងវ័យសិក្សានៅឡើយគួរតែ កុំទាន់ប្រលូកក្នុងសេចក្ដីស្រលាញ់ ឬ មានស្នេហា ប៉ុន្ដែអ្នកអាចផ្ដល់ក្ដីស្រលាញ់ជាមួយម្ដាយឪពុក ឬ សាច់ញាតិបាន។ យើងត្រឡប់មកនិយាយអំពីប្រធានបទរបស់យើងវិញ កាលណាដែលអ្នកឈានដល់វ័យចាស់ទុំ រឺ ពេញវ័យ អ្នកនឹងជួបនូវអារម្មណ៍ នៃសេចក្ដីស្រលាញ់ ដែលអាចឈានដល់ការរៀបអាពាហ៍ពិពាហ៍។ ម៉្យាងទៀត សេចក្ដីស្នេហារវាងគូស្នេហ៍គ្រប់គូ តែងប្រាថ្នាចង់បាននូវភាពផ្អែមល្ហែម ការ​យក​ចិត្ត​ទុកដាក់ ការផ្ដល់តម្លៃ និង ភាពស្មោះស្ម័គ្រ​លើគ្នា​ទៅវិញទៅមក។

ថ្ងៃនេះសារព័ត៌មានត្រយងនឹងណែនាំនូវគន្លឹះមួយចំនួន ដើម្បីជាជំនួយ​ដល់ប្រិយមិត្ត​ក្នុងការរឹត​ចំណងស្នេហាឲ្យកាន់តែ​មាន​ភាពផ្អែមល្ហែម ដែល​មាន​ដូច​ខាងក្រោម៖

១. ការប្រើពាក្យពេចន៍៖ ពាក្យសម្ដីជាផ្នែកមួយដែលមនុស្សគ្រប់រូបយកចិត្តទុកដាក់បំផុត ព្រោះវាមានឥទ្ធិពលយ៉ាងខ្លាំងក្លា អាច​ធ្វើអោយ​​មនុស្ស​ជុំវិញ​​ខ្លួន​ក្លាយជា​ទន់ភ្លន់ ឬកាចសាហាវ​បាន​គ្រប់ពេល។ ហេតុនេះហើយ គូស្នេហ៍គ្រប់រូបគប្បីចេះ​បត់បែន ប្រើ​ពាក្យ​សម្ដី​អោយ​ត្រូវកាលៈទេសៈ។ ជាពិសេសខាងនារីត្រូវ​ហ៊ាន​ពោលពាក្យ​ផ្អែម​ល្ហែម ទៅ​កាន់​ដៃគូ​​អោយបានច្រើនបំផុតតាមតែអាចធ្វើបាន។

២. ដំណើរកំសាន្ដ៖ ពិតណាស់់ថា ការដើរកំសាន្តជាមួយគ្នាអាចបង្កើតទាំងអនុស្សាវរីយ៍ និងភាពស្និទ្ធស្នាលកាន់តែច្រើនបន្ថែម​ទៀត។ ពួកគេ​អាច​មាន​ពេល​ច្រើន​ជាងមុន ដើម្បីមើលចិត្តគ្នា និងស្វែងយល់ពីគ្នាអោយកាន់តែច្បាស់ជាងមុន។

៣. កាយវិការ៖ អ្នកគួរតែផ្ដល់នូវការថ្នាក់ថ្នម ផ្ដល់តម្លៃ ក៏ដូចជាចេះព្រួយបារម្ភចំពោះដៃគូរឲ្យបានច្រើន ព្រោះនេះគឺជាចំណុចពិសេសដែលធ្វើឲ្យចំណងស្នេហាកាន់តែផ្អែមល្ហែម ដែលជាទូទៅយើងអាចនិយាយបានថា ទង្វើស្ដែងអោយឃើញពីចេតនារបស់មនុស្ស។ ហេតុនេះ បើចង់​អោយ​សេចក្តី​ស្នេហា​របស់អ្នក​មានភាព​ផ្អែមល្ហែមកាន់តែច្រើន អ្នកត្រូវតែមានការយកចិត្តទុកដាក់ទៅលើគ្នាទៅវិញទៅមក​អោយបាន​ច្រើន មិនថាជាការជួបផ្ទាល់ ឬតាមបណ្ដាញអ៊ីនធឺណេតក៏ដោយ។

៤ ភាពស្មោះត្រង់៖ ពិតណាស់ភាពស្មោះត្រង់គឺជាចំណុចដ៏សំខាន់សម្រាប់មនុស្ស ២នាក់ដែលស្រលាញ់គ្នា មិនថាគូរសង្សា ឬ ប្ដីប្រពន្ធ។ ចំណុចនេះគឺសំខាន់ព្រោះ ប្រសិនបើដៃគូររបស់យើងស្រលាញ់យើងពិតប្រាកដគេ ប្រាកដជាគ្មានអ្វីត្រូវលាក់បាំងជាមួយអ្នកឡើយ។

ភាពផ្អែមល្ហែមអាចបង្កើតបានគ្រប់ពេលវេលា អោយតែអ្នក និងគូស្នេហ៍ចេះបង្ហាញពីក្ដីស្រលាញ់ ការផ្ដល់តម្លៃឲ្យគ្នា និងការយកចិត្តទុកដាក់គ្នាទៅវិញទៅមក។ ចូលបង្កើតទំនាក់ទំនងផ្អែមល្ហែមឲ្យគ្នាទៅវិញទៅមកឲ្យបានកាន់តែច្រើន ព្រោះវាពិតជាមានសារៈសំខាន់ណាស់សម្រាប់សម្ព័ន្ធភាពស្នេហា៕

ប្រភព៖ Marriage.com

Telegram-Troryorng
Share.