ថ្មីៗ​នេះ​មាន​គណនី​ហ្វេសប៊ុក​មួយ​ដែល​មាន​ឈ្មោះ​ថា​ Aza Be Strong ​បាន​ចេញ​មក​ទម្លាយរឿងរ៉ាវ​ចម្រូងចម្រាស​មួយ​​ថា ​មេតុងទីន (តារា​ស្រី សឿ សុធារ៉ា) ​របស់​ខ្លួន​ មាន​ចេតនា​គេចវេស​ មិន​ព្រម​ទូទាត់​លុយ​ដើម​ដែល​នៅ​សល់ចំនួន​រាប់​ពាន់​ដុល្លារ​ឱ្យ​ដល់​ខ្លួន​នោះ​ទេ​ ព្រោះ​ទាក់ទង​តាម​ទូរស័ព្ទ​ក៏​មិន​លើក​ ហើយ​ផ្ញើ​សារ​ក៏​មិនខ្ចី​តប​ទៀត​។

យោង​តាម​សម្ដី​នារី​ខាង​លើ​ដែល​បាន​អះអាង​ថា​ខ្លួន​គឺជា​កូន​តុង​ទីន​របស់​តារា​សម្ដែង​វ័យ​ជ្រេ អ្នក​នាង សឿ សុធារ៉ា បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដង្ហើយរក​យុត្តិធម៌​ ជា​ពិសេស​នោះ​គឺ​ស្នើ​ឱ្យ​​​អ្នក​នាង​ សឿ​ សុធារ៉ា ជួយ​ទូទាត់លុយ​នៅ​សល់​ឱ្យ​ដល់​ខ្លួន​ ព្រោះ​លេង​តុង​ទីនជាមួយ​គ្នា​ ៧​ទៅ​ ៨ខែ​មក​នេះ​ រូប​ខ្លយន​ខាត​បង់ មិន​មាន​ចំណេញ​ឡើយ ដល់​ថ្នាក់​ខ្លួន​សុខ​ចិត្ត​សម្រួល​យក​តែ​ដើម​ហើយ​ ក៏​នៅ​ព្រម​សង​ទៀត។

​អ្នក​នាង​ Aza Be Strong ក៏​ដាក់​ជា​សំនួរ​ដែរ​ថា «បងដេញតុងទីនកូនផ្សេងៗយកលុយហើយ រាប់ម៉ឺនយកទៅណាបង?» ស្ត្រី​រូប​នេះ​ក៏​បាន​បន្ថែម​ដែរ​ថា​ «រូប​ខ្លួន​ខិតខំ​រកស៊ី​តូច​តាច លក់​បន្លែ​ លក់ផ្អក លក់ម៉ាំ បាន​លុយ​តិច​តួច​ យក​ទៅ​បង់​ឱ្យ​បង​ សង្ឃឹមថា​នឹង​បាន​ការ​ ប្រាក់ បាន​ចំណេញ​ខ្លះ​ ប៉ុន្តែ​អ្វី​ដែល​ខ្លួន​បាន​ទទួល​គឺ​ខាត​ពេល​វេលា​ មិន​ចំណេញ​ហើយ​បង់​ដើម​ឱ្យ​ទាំង​វេទ​នា​ទៀត…​។»

តាម​រយៈ​វីដេអូ​ឆ្លើយឆ្លង​សារ​ដែល​ត្រូវ​បាន​ទម្លាយ​ចេញ​មកក្រៅ​ដោយ​កូន​តុង​ទីន​ខាង​លើ​នេះ​ សង្កេត​ឃើញ​ថា​​ភាគី​អ្នក​នាង​ សឿ សុធារ៉ា បាន​ព្យាយាម​ទូទាត់​ថវិកា​ជូន​កូន​តុងទីន​ ដោយ​ផ្ញើ​ជា​ប្រាក់​ម្ដង​១០០០​ដុល្លារ​ ១៥០០ដុល្លារ​ តាម​រយៈ​ABA ដែរ ទើប​តែ​បាត់​ការ​ឆ្លើយឆ្លង​ចុង​ក្រោយ​នេះ​ប៉ុណ្ណោះ​។

សារព័ត៌មាន​ត្រយង ​បាន​ព្យាយាម​ទាក់ទង​ទៅ​កាន់​ទូរស័ព្ទ​ដៃ​របស់​អ្នក​នាង សឿ សុធារ៉ា ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿងរ៉ាវ​ខាង​លើ​នេះ​ដែរ​ ប៉ុន្តែ​មិនមាន​ការ​ឆ្លើយ​តប​ ប្រសិន​បើ​មាន​ដំណឹង​អ្វី​ជា​បន្ត​ទៀត​នោះ​ សារព័ត៌មាន​ត្រយង​នឹង​លើក​យក​មក​ផ្សាយ​ជា​បន្ត​បន្ទាប់​ទៀត​៕

ស្ដាប់​វីដេអូ​សន្ទនា​រវាង​អ្នក​នាង​ Aza Be Strong និង​អ្នក​នាង​ សឿ សុធារ៉ា ខាង​ក្រោម​នេះ​៖

Telegram-Troryorng

Share.