ឈានចូលដល់ភាគបញ្ចប់ជាស្ថាពរហើយសម្រាប់រឿងភាគខ្មែរ «រសជាតិអ្នកមាន» ប៉ុន្តែភាគបញ្ចប់មិនបានធ្វើឱ្យអ្នកទស្សនាអស់ចិត្តនោះទេ ដល់ថ្នាក់សូម្បីតែ KaKa KH Australia ដែលកំពុងរស់នៅប្រទេសអូស្ត្រាលីនោះ ដល់ថ្នាក់ចេញមុខមកទាមទារសុំភាគបញ្ចប់ថ្មីពីទូរទស្សន៍ PNN ទៀតផង។
រឿងភាគដែលជាស្នាដៃដឹកនាំដោយអ្នកស្រីពាន់ ភួងបុប្ផាខាងលើនេះទាក់ទាញបានចំណាប់អារម្មណ៍ច្រើនពីអ្នកនិយមគាំទ្ររឿងភាគខ្មែរ ព្រោះតែសាច់រឿងមានអាថ៌កំបាំង បង្កប់ទៅដោយការអប់រំពីជីវិត បុណ្យ និង បាប គុណ និង ទោស ជាពិសេសគឺការហ៊ានបង្ហាញពីតថភាពនៃស្នេហាភេទដូចគ្នាបូកបញ្ចូលទៅក្នុងសាច់រឿងរវាងតួអង្គបងធំ (ធានី) និង តួអង្គម្ចាស់តូច (មីរ៉ា) ធ្វើឱ្យអ្នកមើលចូលតួយ៉ាងខ្លាំង ហើយរង់ចាំតាមដានពីខ្សែជីវិតតើភាគបញ្ចប់នឹងទៅជាយ៉ាងណា?

យ៉ាងណាមិញភាគបញ្ចប់ហាក់មិនធ្វើឱ្យអ្នកទស្សនាដែលតាមដានរឿងភាគនេះរហូតដល់ភាគទី៨៦ (ភាគបញ្ចប់) អស់ចិត្តនោះទេព្រោះសាច់រឿងមិនបានបញ្ជាក់ថារវាង ធានី (បងធំ) និង មីរ៉ា (ម្ចាស់តូច) បានជួបគ្នាជាគូអនាគតឬក៏យ៉ាងនោះទេ។ ដោយសារតែបែបនេះទើប KaKa KH Australia ដែលជាអ្នកគាំទ្ររឿងភាគនេះមិនអស់ចិត្តដល់ថ្នាក់បញ្ចេញសំណេរយ៉ាងវែងក្រោយទស្សនារឿងនេះនៅលើ YouTube ចប់កាលពីរាត្រីថ្ងៃទី២៩ខែមេសាម្សិលមិញនេះ។
«ខ្ញុំមិនដឹងថាអ្នកណាខ្លះដូចខ្ញុំទេ ប៉ុន្តែខំតាមដានតាំងពីភាគ ១ ដល់ភាគបញ្ចប់ព្រោះចង់ដឹងថា ម្ចាស់តូច មីរ៉ា និងបាន បងធំ តួធានី ជាគូអនាគតដែរឬទេ? ទីបញ្ចប់អ្នកដឹកនាំរឿង រសជាតិអ្នកមាន ស៊ីអារម្មណ៍ផ្លូវចិត្តខ្ញុំខ្លាំងណាស់! បែរជាចប់ដោយបរិបូណ៌ត្រឹមរូបភាពលោកសកលនិងយ៉ាដាទៅវិញ! ចាំមើល Time to Reaction ទាល់តែចេញភាគបញ្ចប់សារថ្មី!បានព្រម! រឿងរសជាតិអ្នកមាន» ដកស្រង់ចេញពីសំណេរខ្លះរបស់អ្នកនាង KaKa KH Australia។

នៅពេលដែលសំណេរអ្នកនាងបានបង្ហោះមានហ្វេនអ្នកនាងជាច្រើនបានចូលមកបង្ហាញការយល់ឃើញចំពោះរឿងនេះយ៉ាងច្រើនដូចអ្នកនាង KaKa ដូចគ្នាដែរដែលម្នាក់សុទ្ធតែបង្ហាញការខកចិត្តនិងគាំគ្រាចិត្តដែលមិនបានឃើញឈុតឆាកផ្អែមល្ហែមនិងសមបំណងរបស់តួអង្គទាំងពីរខាងលើ។
ក្រោយសំណេរអ្នកនាង KaKa មានចំនួន Like Share និង Comment យ៉ាងច្រើនលើសលប់នោះក៏មានខមមិនមួយដែលគួរឱ្យចាប់អារម្មណ៍បានចូលមកពន្យល់ពីមូលហេតុដែលសាច់រឿងតម្រូវឱ្យបញ្ចប់ទៅដោយបែបនេះពីកញ្ញា ទូច បុប្ផា (Thyda PNN) ដែលជាប្រធានគ្រប់គ្រងកម្មវិធីផ្សាយទូរទស្សន៌ភីអិនអិនថាយ៉ាងដូច្នេះ៖ «ដោយសាររឿងហ្នឹងថតចំពេលកូវីតកំពុងផ្ទុះខ្លាំង ដូច្នេះទើបក្រុមការងារផលិតត្រូវកាត់ចោល location មួយចំនួន ម្យ៉ាងទំរាំចប់កូវីតមកថតឡើងវិញ គឺពិបាករឿងតួ ចឹងមានតែច្នៃតាមហ្នឹង»។

អ្នកនាង KaKa KH Australia គឺជា Video Creator ដ៏ល្បីល្បាញមួយរូបនៅលើបណ្ដាញសង្គមថ្វីត្បិតតែបច្ចុប្បន្នអ្នកនាងរស់នៅប្រទេសអូស្ត្រាលី ប៉ុន្តែអ្នកគាំទ្រនៅកម្ពុជាស្រលាញ់ចូលចិត្តអ្នកនាងយ៉ាងច្រើនចំពោះអត្តចរិតត្រង់ទៅត្រង់មកមិនចេះលាក់លៀមបែបណាថាបែបនោះ ដែលជាកត្តាធ្វើឱ្យអ្នកគាំទ្ររបស់អ្នកស្រលាញ់អ្នកនាងគ្រប់ៗគ្នា៕