លោក ឌួង ឆាយ កាលពីរាត្រីថ្ងៃអាទិត្យទី៥ ខែ កញ្ញា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ បានចេញមកទម្លាយរឿងរ៉ាវដែលបៀមលាក់ទុកក្នុងទ្រូង បន្ទាប់ពីសម្ងំស្ងាត់ស្ងៀមមិនតបត ទោះជាភាគីអ្នកស្រី ដេត ម៉ាលីណា អតីតភរិយាបានចេញមកចោទប្រកាន់លោកម្ដងជាពីរដងក្ដី។
លោក ឌួង ឆាយ បានចេញមក Live Video នៅលើបណ្ដាញសង្គមតាមរយៈហ្វេសប៊ុកផេកផ្ទាល់ខ្លួន ដោយប្រើពេលវេលារៀបរាប់រឿងរ៉ាវស្មុគស្មាញក្នុងគ្រួសាររបស់លោកមួយម៉ោងកន្លះ។
នៅក្នុងវីដេអូ Live ខាងលើ លោក ឌួង ឆាយ បានឆ្លើយតបចំពោះការចោទប្រកាន់របស់អតីតភរិយា ដោយច្រានចោលគ្រប់ការចោទប្រកាន់របស់អ្នកស្រី ដេត ម៉ាលីណា មកលើខ្លួនលោកដូចជារឿងដែលថាអ្នកស្រីបារម្ភពីសុវត្ថិភាព ខ្លាចលោកទៅធ្វើបាបជាដើម។ លោក ឌួង ឆាយក៏បានឱ្យដឹងទៀតដែរថា អតីតភរិយា មិនត្រឹមតែបដិសេធមិនឱ្យលោកបានជួបមុខកូន ព្រមទាំងគំរាមឱ្យលោកប្ដឹងផ្ដល់គ្នាប្រសិនបើលោកមិនសុខចិត្តថែមទៀតផង។ ក្នុងនោះលោកបានទាញរឿងការបង្កើតមុខរបរអាជីវកម្មសព្វថ្ងៃរបស់អ្នកស្រី គឺកើតចេញពីការខិតខំប្រឹងរបស់លោកជាអ្នករត់ការនិងបន្តាក់ទុនទាំងស្រុង។ ជាពិសេសទៀតនោះមុនពេលរៀបការ អតីតភរិយាខ្លួនមកតែខ្លួនទទេ តែពេលលែងលះគ្នា អ្នកស្រីទទួលបានទ្រព្យសម្បត្តិរហូតដល់១០លានដុល្លារជាប់ខ្លួន។
យ៉ាងណាមិញនៅក្នុងវីដេអូនោះលោក ឌួង ឆាយក៏បានបង្ហើបរឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍មួយទៀតថា លោកហាក់ដូចជាមានកម្មជាមួយនឹងមនុស្សស្រីព្រោះ មនុស្សស្រី ៣នាក់ដែលធ្វើឱ្យលោកស្រលាញ់បំផុតលើសពីជីវិតគឺ ម្ដាយលោក ប្អូនស្រីលោក និងអតីតភរិយារបស់លោក បែរជាមិនយល់ពីចិត្តរបស់លោក ដោយលោកសង្កត់ធ្ងន់ថានេះគឺជាកម្មរបស់លោក ព្រោះមិនថាលោកនិយាយអ្វី សុំអង្វរបែបណា ហាមឃាត់អ្នកណា មិនមានស្ដាប់តាមលោកសម្ដីលោកសូម្បីតែម្នាក់។
គួរដឹងថា រឿងរ៉ាវក្នុងគ្រួសាររបស់ លោក ឌួង ឆាយ មានការចាប់អារម្មណ៍ជាបន្តបន្ទាប់ ព្រោះក្រៅពីរឿងរ៉ាវចម្រូងចម្រាសផ្ទាល់ខ្លួនជាមួយនឹងអតីតភរិយាហើយនោះ រឿងដែលឧកញ្ញ៉ា ឌួង ងៀប ឪពុកបង្កើតរបស់លោកមានប្រពន្ធចុង និង ចុះចេញពីផ្ទះក៏ជារឿងមួយដែលសាធារណជនចាប់អារម្មណ៍និងបន្តតាមដានខ្លាំងដូចដែរ៕
ទស្សនាវីដេអូខាងក្រោមនេះ៖