ក្រុម​បាល់ទះ​ជម្រើស​ជាតិ​បុរសចិន បាន​ប្រកាស​ដក​ខ្លួន​ចេញ​ពី​ព្រឹត្តិការណ៍​ប្រកួត​បាល់ទះ​ពានរង្វាន់​កម្រិត​ពិភពលោក 2021 FIVB Volleyball Men’s Nations League ដែល​រៀបចំ​ឡើង​ដោយ​សហព័ន្ធ​កីឡា​បាល់ទះ​អន្តរជាតិ កាល​ពី​ពេល​ថ្មីៗ​ ស្រប​ពេល​ដែល​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​ហុល្លង់ នឹង​ចូល​ខ្លួន​ជំនួស វិញ​ម្តង។

បើ​តាម​ការ​បញ្ជាក់​របស់​របស់​សហព័ន្ធ​កីឡា​បាល់ទះ​អន្តរជាតិ ថា​ការ​ដក​ខ្លួន​របស់​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​ចិន នេះ​ដោយ​មូលហេតុ​«ថវិកា​មាន​កំណត់» និង​ម្យ៉ាង​ទៀត​បញ្ហា​នៃ​ការ​ធ្វើ​ដំណើរ​ជួប​ឧបសគ្គ​ដោយ​សារ​ស្ថានភាព​កូវីដ-១៩។

សហព័ន្ធ​កីឡា​បាល់ទះ​ចិន បាន​សម្ដែង​ការ​​សោកស្ដាយ​ដែល​ក្រុម​ជម្រើស​ជាតិ​ខ្លួន មិន​ចាន​ចូលរួម​ការ​ប្រកួត​នេះ​ដូច​រាល់​លើក ព្រោះ​ថា​បើ​តាម​គោលនយោបាយ​រដ្ឋចិន កំណត់​ឱ្យ​​បុគ្គល​គ្រប់​រូប​ត្រូវ​ធ្វើ​ចត្តាឡឺស័ក ចំនួន​១៤​ថ្ងៃ​នៅ​ក្នុង​ស្រុក​សិន មុន​ចេញ​ដំណើរ​ទៅ​ក្រៅ​ប្រទេស។ ម៉្យាង​​កម្មវិធី​ប្រកួត​នេះ​វា​ប៉ះ​ពាល់​ទៅ​នឹង​សកម្មភាព​ប្រកួត​កីឡាជាតិ នៅ​ក្នុង​ប្រទេស​តែ​ម្តង។

សហព័ន្ធ​កីឡា​បាល់ទះ​អន្តរជាតិ បាន​សម្រេច​អញ្ជើញ​​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​ហុល្លង់ ទៅ​ក្នុង​ពានរង្វាន់ 2021 FIVB Volleyball Men’s Nations League ដើម្បី​បង្គ្រប់​កៅអី១៦ ក្រុម។ មូលហេតុ​ដែល​ជ្រើសរើស​យក​ប្រទេស​ហុល្លង់ ដោយ​សារ​ក្រុម​នេះ​កម្រិត​បច្ចេកទេស​ខ្ពស់ បូក​ទាំង​សក្ដានុពល​ពាណិជ្ជកម្ម​​បាល់ទះ​នៅ​ក្នុង​ស្រុក​ផង​ដែរ។ ការ​ប្រកួត​​នៅ​ឆ្នាំ​នេះ​ធ្វើ​ឡើង​នៅ​ទីក្រុង Rimini ប្រទេស​អ៊ីតាលី ដែល​មាន​ក្រុម​មក​ពី​៤ទ្វីប​ផ្សេង​គ្នា។

ក្រុម​ដែល​ស្ថិត​នៅ​ក្នុង​កៅអី FIVB Volleyball Men’s Nations League ចាស់​មាន​អាហ្សង់ទីន, ប្រេស៊ីល, ចិន (ជំនួស​ដោយ​ហុល្លង់) បារាំង, អាល្លឺម៉ង់, អ៊ីរ៉ង់, អ៊ីតាលី, ជប៉ុន, ប៉ូឡូញ, រុស្ស៊ី, ស៊ីប, អាមេរិក។ ចំណែក​ក្រុម​ឡើង​ពី​ការ​ប្រកួត2021 Challenger Cup មាន​អូស្ត្រាលី,​ប៊ុលហ្គារី, កាណាដា និង​ស្លូវេនី។ ការ​ប្រកួត​នឹង​ធ្វើ​ឡើង​របៀប​វិលជុំ ចាប់​ពី​ថ្ងៃ​ទី២៨ ខែ​ឧសភា ដល់​២៧ ខែ​មិថុនា ឆ្នាំ​២០២១។

ពានរង្វាន់ FIVB Volleyball Men’s Nations League រៀបចំ​ឡើង​ពី​ឆ្នាំ​២០១៨ មក​ខណៈ​ឆ្នាំ​ដំបូង​ធ្វើ​ឡើង​នៅ​ទីក្រុង Lille ប្រទេស​បារាំង និង​ឆ្នាំ​បន្ទាប់​ធ្វើ​ឡើង​នៅ​ទីក្រុង Chicago សហរដ្ឋ​អាមេរិក ហើយ​ក្រុម​ជម្រើស​ជាតិ​រុស្ស៊ី ឈ្នះ​ជើង​ឯក​ទាំង២​លើក ស្រប​ពេល​ឆ្នាំ​២០២០ កន្លង​ទៅ​ត្រូវ​បាន​រំសាយ​ចោល​ដោយ​សារ​ស្ថានភាព​រីករាល​ដាល​នៃ​ជំងឺ​កូវីដ-១៩៕

Share.

Leave A Reply