កីឡាការិនីចិន Xiong Jing Nan ឬ គេស្គាល់ឈ្មោះក្រៅថា “The Panda” បានបង្កើតប្រវត្តិសាស្ត្រថ្មីនៅសង្វៀន ONE Championship បន្ទាប់ពីឡើងការពារខ្សែក្រវាត់ ONE Women’s Strawweight លើកទី៥ បានយ៉ាងជោគជ័យត្រចះត្រចង់ទល់នឹងកីឡាការិនីប្រេស៊ីល Michelle Nicolini ក្នុងកម្មវិធី ONE: EMPOWER កាលថ្ងៃសុក្រសប្ដាហ៍មុននេះ។

ជ័យជម្នះនេះ បានធ្វើឲ្យ Xiong ក្លាយជាកីឡាការិនីគ្រប់គ្រងខ្សែក្រវាត់បានយូរជាងគេនៅសង្វៀន ONE ជាប្រវត្តិសាស្ត្រ ហើយលើសម្ចាស់ខ្សែក្រវាត់ ONE Women’s Atomweight កីឡាការិនី “Unstoppable” Angela Lee ទៅទៀត។ Lee ឡើងការពារខ្សែក្រវាត់ជោគជ័យត្រឹម ៤ ដងប៉ុណ្ណោះ មុនពេលផ្ដល់កំណើតកូនប្រុសដំបូង។ កីឡាការិនីកូនកាត់សិង្ហបុរី-អាមេរិកកំពុងបុកហ្វឹកហាត់ឡើងវិញនៅក្លិប United MMA ឯសហរដ្ឋអាមេរិក និង គ្រោងឡើងការពារខ្សែក្រវាត់ជាថ្មី។

កីឡាការិនីចិនវ័យ ៣៣ ឆ្នាំខាងលើឈ្នះខ្សែក្រវាត់ទម្ងន់ Strawweight លើកដំបូងកាលខែ មករា ឆ្នាំ ២០១៨ ពេលផ្ដួលកីឡាការិនី Tiffany Teo ឲ្យសន្លប់ក្រោមកណ្ដាប់ដៃនៅទឹកទី៤។ ៦ខែបន្ទាប់ សិស្សគុនជំនាញកណ្ដាប់ដៃមកពីក្លិប Evolve ឡើងការពារបានសម្រេចលើកទី១ទល់នឹង Laura Balin ក្នុងការប្រកួត ៥ ទឹកពេញ និង ឈ្នះដោយពិន្ទុជាឯកច្ឆន្ទ។ ក្នុងខែ កញ្ញា ឆ្នាំដដែល Xiong ប្រើពេលត្រឹមតែ ៣ ទឹកក្នុងការប្រើកណ្ដាប់ដៃដដែលដើម្បីផ្ដួល Samara Santos Cunha ឲ្យដេកត្រឹមទឹកទី៣ និងការពារខ្សែក្រវាត់បានលើកទី២។

កាន់តែអស្ចារ្យ នៅខែ មីនា ឆ្នាំ ២០១៩ Xiong បានប្រើកណ្ដាប់ដៃ និងទាត់ដងខ្លួនធ្វើឲ្យ Angela Lee ដែលជាម្ចាស់ខ្សែក្រវាត់ Atomweight បច្ចុប្បន្នសន្លប់ទឹកទី៥ ដើម្បីការពារជោគជ័យលើកទី៣ មុនយកឈ្នះ Tiffany Teo ជាលើកទី២ បន្តគ្រងខ្សែក្រវាត់លើកទី៤។ ហើយការឡើងការពារខ្សែក្រវាត់លើកទី៥ គឺ ឈ្នះជើងខ្លាំងប្រេស៊ីលម្ចាស់ជើងឯកជីជិតស៊ូពិភពលោក ១៣ សម័យ Nicolini នោះឯងកាលថ្ងៃសុក្រទី ៣ កញ្ញា។

បន្ទាប់ពីទទួលជ័យជម្នះកាលថ្ងៃសុក្រក្នុងការប្រកួត ៥ ទឹកពេញដោយប្រើពេល ២៥ នាទីនោះ Xiong កើនកំណត់ត្រាឈ្នះ ១៦ លើក និងចាញ់ ២ លើក និងបន្តគ្រងខ្សែក្រវាត់របស់ខ្លួនរយៈពេល ៣ ឆ្នាំ៕

Telegram-Troryorng
Share.