សហព័ន្ធ​កីឡា​បាល់ទាត់​​អេហ្ស៊ីប (EFA) បាន​សម្រេច​ចិត្ត​បញ្ចប់​កិច្ចសន្យា​ជាមួយ​លោក Hossam al-Badry ដែល​ជា​​អ្នកចាត់ការ​ទូទៅ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អេហ្ស៊ីប ពោល​គឺ​នៅ​ថ្ងៃ​ចន្ទ សប្ដាហ៍​នេះ ​រំលង​១ថ្ងៃ ក្រោយ​ប្រកួត​ស្មើ​គ្នា​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ហ្គាបុង ក្នុង​វគ្គ​ជម្រុះ​ជើង​ឯក​​ពិភពលោក 2022 FIFA World Cup Qatar ប្រចាំ​ទ្វីប​អាហ្រ្វិក។

វគ្គ​ជម្រុះ​ប្រចាំ​ទ្វីប​អាហ្វ្រិក​ឈាន​ដល់​វគ្គ​ជម្រុះ​ជុំ​ទី២ ហើយ​ដោយ​នៅ​សល់​​៤០ក្រុម​ចែក​ជា​១០​ពូល ខណៈ​ក្រុម​​អេហ្ស៊ីប នៅ​ពូល​ជាមួយ​ក្រុម​លីប៊ី ហ្គាបុង និង​អង់ហ្គោឡា។ ក្រុម​លេខ១​តាម​ពូល​នីមួយៗ​មាន​ឈ្មោះ​ឡើង​ទៅ​ជុំ​ទី៣ ដើម្បី​ជ្រើសរើស​​យក​ក្រុម​ខ្លាំង​ចំនួន​៥​តំណាង​ទ្វីប​ឡើង​ទៅ​វគ្គ​៣២ក្រុម​ចុងក្រោយ​ជាមួយ​ទ្វីប​ផ្សេងៗ​នៅ​ប្រទេស​កាតារ។

បើ​តាម​ការ​បញ្ជាក់​​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​អេហ្ស៊ីប បាន​ធ្វើ​កិច្ចប្រជុំ​បន្ទាន់​មួយ​មុន​សម្រេច​ចិត្ត​បញ្ចប់​កិច្ចសន្យា​ភ្លាមៗ​ជាមួយ​លោក Hossam al-Badry។ យ៉ាងណាក្តី​អ្នកចាត់ការ​ទូទៅ​ក្រុម​ថ្មី​ EFA នឹង​ប្រកាស​យ៉ាងយូ​មុន​៤៨​ម៉ោង បន្ទាប់។

លទ្ធផល​ប្រកួត​កន្លង​មក​អេហ្ស៊ីប បាន​ឈ្នះ​អង់ហ្គោឡា ១ទល់០ ហើយ​ស្មើ​គ្នា​ជាមួយ​ហ្គាបុង ១ទល់១។ លទ្ធផល​ស្មើ​នេះ​​គឺ​តាម​ទាន់​នៅ​នាទី​៩០+ ទៅ​ហើយ​​ដោយ​កីឡាករ Mostafa Mohamed Ahmed Abdallah។ ប្រកួត​បន្ទាប់​ក្រុម​​ជើង​ឯក​ទ្វីប​អាហ្រ្វិក ៧សម័យកាល​មួយ​នេះ​​បន្ត​ជួប​ក្រុម​​លេខ១​ក្នុង​ពូល​លីប៊ី នៅ​ថ្ងៃ​ទី៦ ខែ​តុលា ឆ្នាំ​២០២១ ខាង​មុខ មុន​បញ្ចប់​ជុំទី២ ហើយ​ជុំទី២ ជួប​លីប៊ី ឡើង​វិញ ហើយ​បន្ត​ប៉ះ​អង់ហ្គោឡា និង​ចុងក្រោយ​ប៉ះ​ហ្គាបុង៕

Telegram-Troryorng
Share.