តារា​ចម្រៀង​ជើងចាស់​មាន​ឈ្មោះ​ល្បី​ អ្នក​នាង​ ម៉េង កែវពេជ្ជតា បាន​បង្ហោះ​វីដេអូ​កូនប្រុស​ស្រី​ទាំង​​ពីរ​របស់​ខ្លួន​ ព្រម​ទាំង​ពោល​សរសើរ​លើ​ទេពកោសល្យ​សិល្បៈរបស់​កូន​ដែល​អាច​លេង​ឧបករណ៍​តន្ត្រី​ដូច​ជា​ ព្យ៉ាណូ និង​ ហ្គីតា​បាន​យ៉ាង​ល្អ​ ប៉ុន្តែ​បែរ​ជា​មាន​អ្នក​ចូល​មក​ Comment ធ្វើ​ឱ្យ​អ្នក​ស្រី​ឆេះដុំ​ខឹង​តូង ​​ចំពោះ​​ការ​លើក​ឡើង​នោះ​។

អ្នក​នាង​ ម៉េង កែវពេជ្ជតា បាន​ធ្វើ​ការ​តបត​ខ្លាំង​ៗ​ចំពោះ​ការ​លើក​ឡើង​របស់​អ្នក​លេង​បណ្ដាញ​សង្គម​មួយ​រូប​ដែល​បាន​ឱ្យ​តម្លៃ​ថា​កូន​ៗ​របស់​អ្នក​ស្រី​មាន​ទេពកោសល្យ​ពូកែ​ខាង​សិល្បៈ​ ព្រោះ​តែ​​ទទួល​បាន​ហ្សែន​ពី​ខាង​ឪពុក​។

កាល​ពី​ថ្ងៃ​ទី​៦ ខែ​កញ្ញា​ ឆ្នាំ​២០២១ អ្នក​មេម៉ាយ​កូន​ពីរ​បាន​បង្ហោះ​វីដេអូ​ចំនួន​ពីរ​ដោយ​វីដេអូ​ទីមួយ​បាន​ពោល​សរសើរ​ចំពោះ​កូន​ប្រុស​ច្បង​ដែល​កំពុង​លេង​ព្យ៉ាណូ​ ថា​​បង្ហាញ​ពី​អារម្មណ៍​ស្ងប់​ គំនិត​ចាស់​ទុំ​ ពីរោះ​រលូន​ល្អ​ និង​ពេញ​ដោយ​ថាមពល​។ ចំណែក​វីដេអូ​ទីពីរ​គឺជា​វីដេអូ​កូន​ស្រី​លេង​ហ្គីតា ដោយ​អ្នក​ស្រី​លើក​ឡើង​ថា​ ទើប​តែ​រៀន​តែ​ទឹក​ដៃ​ដូច​មនុស្ស​ធំ​ ពីរោះ​រស់​វើក​។ ​ភ្ជាប់​ជាមួយ​នឹង​ដុង​សិល្បៈ​ពេញ​ខ្លួន​របស់​កូន​អ្នក​ស្រី​ក៏​បាន​លើក​សរសេរ​ថា​កូន​ពូកែ ឆ្លាត ស្អាត​ទាក់ទាញ មាន​ចរិត​និស្ស័យថ្លៃថ្នូរ​ដោយ​បាន​ឱ្យ​កូន​ខិតខំ​បន្ត​ទៀត​ដើម្បី​ថែរក្សា​កេរ្តិ៍​ដំណែល​ដូនតា​។

ទន្ទឹម​នឹង​ការ​លើក​ឡើង​របស់​អ្នក​នាងក៏​មាន​អ្នក​គាំទ្រ​បាន​សរសើរ​ចំពោះ​អ្នក​មេម៉ាយ​រូប​នេះ​ថា​ចិញ្ចឹម​​បីបាច់​កូន​ប្រុស​ស្រី​បាន​យ៉ាង​ល្អ​ ក៏​មាន​ មតិ​មួយ​បាន​លើកឡើង​ថា​ «មកពីហ្សែនឪពុករបស់គេល្អ»។ ពាក្យ​ខ្លី​ប៉ុន្មាន​ម៉ាត់​នេះ​បាន​ធ្វើ​ឱ្យ​តារា​ជើង​ចាស់​​ខឹងតូស​រហូត​​ធ្លោយ​ប្រើ​សម្ដី​ប្រមាថ​​ជា​ច្រើន​លើ​បុគ្គល​ខ្វះសីលធម៌សុជីវធម៌​​រូប​នោះ​ ដោយ​អ្នក​នាង​បាន​តបត​ថា​កូន​របស់​អ្នក​នាង​កាត់​រក​ឪពុក​យ៉ាង​ម៉េច បើ​អតីត​ស្វាមី​គ្មាន​ចេះ​សិល្បៈ​អ្វី​សូម្បីតែ​បន្តិច​នោះ?

យោង​តាម​រយៈ​ការ​ឆ្លើយ​តប​នេះ​ សង្កេត​ឃើញ​ថា​អ្នក​នាង​ដូច​ជា​អាច​កំណត់​អត្តសញ្ញាណ​បុគ្គល​រូប​នោះ​ ព្រោះ​អ្នក​នាង​គំរាម​ប្ដឹង​ទៅ​លើ​គណនី​ដែល​បាន​ក្លែង​អត្តសញ្ញាណ​ខ្លួន​នោះ​ថែម​ទៀត​ផង​។

អ្នក​នាង​ ម៉េង កែវពេជ្ជតា បាន​លែងលះ​ជាមួយ​នឹង​អតីត​ស្វាមីលោក មួង ឃីម ​ជាង​ ១០​ឆ្នាំហើយ​​ ប៉ុន្តែអ្នក​ស្រី​បាន​បន្ត​ឱប​ឈ្មោះ​ជា​ស្ត្រី​មេម៉ាយ​ ហើយ​ចិញ្ចឹម​បី​បាច់​កូន​ប្រុស​ស្រី​ទាំង​ពីរ​គឺ​កុមារា ពេជ្រ រតនៈ និងកុមារី ពេជ្ជតា សង្វាពេជ្រ៕

Telegram-Troryorng
Share.