ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ដើរឆក់ត្រី ភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់នៅកណ្តលវាលស្រែតែម្តង។ ហេតុការណ៍នេះ ត្រូវបានគេប្រទះឃើញដេកស្លាប់ជាមួយនឹង ឧបកណ៍ឆក់ត្រី នៅចំណុចវាលស្រែចុងប៉ោយថ្ងាន់ ក្នុងភូមិបឹងសិលា ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅម៉ោង7.30នាទីព្រឹក ថ្ងៃទី08 ខែ កញ្ញា ឆ្នាំ2021។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា សពឈ្មោះ ឈឿយ ឧត្តម ភេទប្រុស អាយុ27 ឆ្នាំ រស់នៅក្នុងភូមិកើតហេតុខាងលើ។ បើតាមប្រពន្ធជនរងគ្រោះបានរៀបរាប់ថា នៅវេលាម៉ោង21 យប់ថ្ងៃទី07 ខែកញ្ញា ឆ្នាំ2021 ប្តីរបស់ខ្លួនបានទៅរកត្រី នៅតាមវាលស្រែ ចំណែកខ្លួនដេកចាំប្តីនៅផ្ទះ លុះព្រឹកឡើងបាត់មិនឃើញប្តីមក ក៏រត់ទៅរកអ្នកជិតខាងឲ្យជួយរកប្តីរបស់ខ្លួន ទើបប្រទះឃើញស្លាប់នៅវាលស្រែតែម្តង។

សមត្ថកិច្ចបញ្ជាក់ថា យោងតាមការពិនិត្យសាកសព ពិតជាឆ្លងខ្សែភ្លើងឆក់ពិតប្រាកដមែន។ សាកសពពុំមានពាក់ព័ន្ទ និងបទល្មើសព្រហ្មទ័ណ្ឌទេ។ ក្រោយពិនិត្យ និងធ្វើតេស្តរកជំងឺកូវីដ-19 អវិជ្ជមានរួច សាកសពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ប៉ោយប៉ែត

Share.