ក្រុម​​បាល់ទាត់​ភ្នំពេញក្រោន បាន​យក​ឈ្នះ​លើ​ក្រុម​អគ្គស្នងការដ្ឋាន​នគរបាលជាតិ (ប៉ូលិស) ដោយ​លទ្ធផល​៤-១ នៅ​ល្ងាច​ថ្ងៃ​ពុធ ទី​៨ ខែ​កញ្ញា ឆ្នាំ​២០២១ នេះ​លើ​ទីលាន​កីឡដ្ឋាន 7NG ប្រចាំ​សប្ដាហ៍​ទី៧ ដែល​នៅ​សេសសល់​នៃ​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Metfone Cambodian League 2021។

ការ​ប្រកួត​ដែល​ចាប់​ផ្ដើម​ពី​ម៉ោង​៣:៣០នាទី​រសៀល​ក្រុម​ភ្នំពេញក្រោន រក​គ្រាប់​បាល់​ជ័យជម្នះ​ដោយ​ថ្វី​ជើង​កីឡាករ​ប្រេស៊ីល Matheus Souza E Silva នៅ​នាទី​២៧ ហើយ​កីឡាករ​ជប៉ុន Yudai Ogawa បន្ថែម​គ្រាប់​បាល់​ទី២​នៅ​នាទី​២៩។ ចូល​ដល់​តង់ទី២ កីឡាករ​ជនជាតិ​កូឡុំប៊ី Andres Nieto រក​បាន​គ្រាប់​បាល់​បន្ថែម​២គ្រាប់​ទៀត​នៅ​នាទី​ទី៥៨ និង​នាទី​៧១។ យ៉ាងណាក្តី​កីឡាករ​ជប៉ុន Otani Soma រក​ជួយ​រក​គ្រាប់​បាល់​វាយ​បក​បាន​១គ្រាប់​វិញ​ឱ្យ​ក្រុម​អគ្គស្នងការដ្ឋាន​នគរបាលជាតិ វិញ​នៅ​នាទី​ទី​៨២ ក្រោយ​ទាត់​បាល់​ពិន័យ​១១ម៉ែត្រ​បាន​សម្រេច។

ប្រកួត​នេះ​ដែរ​កីឡាករ Yudai Ogawa ត្រូវ​ពិន័យកាតក្រហម ស្រប​ពេល​កីឡាករ​ Andres Nieto ជាប់​ឈ្មោះ​ជា​កីឡាករ​លេង​ល្អ​ប្រចាំ​ការ​ប្រកួត (MVP)។

គិត​ត្រឹម​ពេល​នេះ​ភ្នំពេញក្រោន និង​ក្រុម​វិសាខា មិន​ទាន់​ស្គាល់​បរាជ័យ​ដូចគ្នា ក្រោយ​ប្រកួត​បាន​១១លើក​មក​នេះ។

សម្រាប់​កម្មវិធី​ប្រកួត​បន្ទាប់​​ ​ក្នុង​ពានរង្វាន់​លីគ​កំពូល​កម្ពុជា នឹង​បន្ត​ធ្វើ​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ សប្ដាហ៍​នេះ​ដោយ​ក្រុម​អាស៊ីអឺរ៉ុប ប៉ះ​សូលទីឡូអង្គរ ក្នុង​សប្ដាហ៍​ទី១១ នៅ​វេលា​ម៉ោង​៣:៣០នាទី​រសៀល​លើ​ទីលាន​កីឡដ្ឋាន AEU Sport Part ព្រម​ទាំង​ផ្សាយ​ផ្ទាល់​តាម​ប៉ុស្តិ៍ BTV News ផង​ដែរ៕

រូបថត៖CNCC

Telegram-Troryorng
Share.