សេចក្តីប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់អេហ្ស៊ីប

លោក Carlos Queiroz ត្រូវ​បាន​សហព័ន្ធ​កីឡា​បាល់ទាត់​អេហ្ស៊ីប តែងតាំង​ជា​អ្នកចាត់ការ​​របស់​ក្រុម​ជម្រើស​ជាតិ​បាល់ទាត់​បុរស​របស់​ខ្លួន​ដើម្បី​ត្រៀម​បេសកកម្ម​ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់​ជើង​ឯក​ពិភពលោក 2022 FIFA World Cup Qatar ប្រចាំ​ទ្វីប​អាហ្វ្រិក ក្រោយ​ចែកផ្លូវ​គ្នា​ជាមួយ​លោក​ Hossam al-Badry ដែល​ជា​អ្នក​ចាក់ការ​ក្រុម​ចាស់​កាល​ពី​ថ្ងៃ​ចន្ទ ថ្មីៗនេះ។

បើ​តាម​ការ​បញ្ជាក់​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​អេហ្ស៊ីប នៅ​យប់​ថ្ងៃ​ពុធ សប្ដាហ៍​នេះ​ថា​​បុរស​​ជនជាតិ​ព័រទុយហ្គាល់ រូប​នេះ​បាន​ក្លាយ​ជា​អ្នកចាត់ការ​ទូទៅ​ថ្មី​របស់​ក្រុម​ជម្រើស​ជាតិ​ខ្លួន។

អត្ថបទពាក់ព័ន្ធ៖ជម្រុះ World Cup៖ អេហ្ស៊ីប បណ្តេញ​​អ្នកចាត់ការ​ទូទៅ ​​ចោល​​ក្រោយ​ស្មើ​ជាមួយ​ហ្គាបុង

លោក Carlos Queiroz កាលជា​គ្រូជំនួយក្លិប Man Utd

បុរស​វ័យ​៦៨ឆ្នាំ​រូប​នេះ​​ធ្លាប់​ធ្វើ​ជា​ជំនួយការ​ក្លិប​បាល់ទាត់ Manchester United នៅ​ប្រទេស​អង់គ្លេស ក្នុង​រជ្ជកាល​លោក Alex Ferguson ជា​អ្នកចាត់ការ​ទូទៅ​របស់​ក្រុម​ចំនួន​២លើក​គឺ​នៅ​ចន្លោះ​ឆ្នាំ​២០០២-២០០៣ និង​ឆ្នាំ​២០០៤-២០០៨។ ក្រៅ​ពី​នោះ​លោក​ធ្លាប់​ដឹកនាំ​ក្លិប​​មួយ​ចំនួន​ទៀត​ដូចជា​Sporting CP នៅ​​ព័រទុយហ្គាល់ New York Red Bulls នៅ​​អាមេរិកNagoya Grampus Eight នៅ​ជប៉ុន និង​ Real Madrid របស់​អេស្ប៉ាញ ចន្លោះ​ឆ្នាំ​២០០៣-២០០៤។

ជម្រើសជាតិ​អេហ្ស៊ីប

ដោយ​ឡែក​ការងារ​នៅ​ក្រុម​ជម្រើស​ជាតិ​វិញ លោក​ធ្លាប់​ដឹកនាំ​ក្រុម​ជម្រើស​ព័រទុយហ្គាល់ ឈុត​យុវជន​ក្រោម​អាយុ​២០​ឆ្នាំ និង​ក្រុម​ឈុត​ធំ ចន្លោះ​ឆ្នាំ​២០៨៩ ដល់​១៩៩៣ ហើយ​នៅ​ឆ្នាំ​១៩៩៨ ដល់​១៩៩៩ លោក​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​អារ៉ាប់រួម នៅ​អាស៊ី មុន​បន្ត​ដឹកនាំ​ក្រុម​អាហ្វ្រិកខាងត្បូង នៅ​អាហ្វ្រិក ចន្លោះ​ឆ្នាំ​២០០០-២០០២ ហើយ​នៅ​ឆ្នាំ​២០០៨ ដល់​២០១០ លោក​ត្រឡប់​​ទៅ​ដឹកនាំ​ក្រុម​ព័រទុយហ្គាល់ នៅ​ទ្វីប​អឺរ៉ុប​វិញ។ ពី​ឆ្នាំ​២០១១ ដល់​២០១៩ លោក​ដឹកនាំ​ក្រុម​អ៊ីរ៉ង់ នៅ​អាស៊ី ហើយ​ពី​ឆ្នាំ​២០១៩ ដល់​២០២០ លោក​ដឹកនាំ​ក្រុម​កូឡុំប៊ី នៅ​ទ្វីប​អាមេរិកខាងត្បូង។

អត្ថបទពាក់ព័ន្ធ៖សហព័ន្ធ​បាល់ទាត់​ទ្វីប​អាហ្វ្រិក គាំទ្រ​គំនិត​ប្រកួត World Cup ​២ឆ្នាំ​ម្តង ព្រោះ​ចំណេញ​ខ្លាំង

លោក Carlos Queiroz ត្រូវ​ដឹកនាំ​ក្រុម​​ជើង​ឯក​ទ្វីប​អាហ្រ្វិក ៧សម័យកាល​មួយ​នេះ​ជួប​ក្រុម​​លេខ១​ក្នុង​ពូល​F ជុំទី២ ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់​ជើង​ឯក​ពិភពលោក 2022 FIFA World Cup Qatar ប្រចាំ​ទ្វីប​អាហ្វ្រិក គឺ លីប៊ី នៅ​ថ្ងៃ​ទី៦ ខែ​តុលា ឆ្នាំ​២០២១ ខាង​មុខ មុន​បញ្ចប់​ជុំទី១​ក្នុង​ពូល​ ហើយ​ជុំទី២ ជួប​លីប៊ី ឡើង​វិញ ហើយ​បន្ត​ប៉ះ​អង់ហ្គោឡា និង​ចុងក្រោយ​ប៉ះ​ហ្គាបុង៕

Telegram-Troryorng
Share.