ជើងឯកវ័យក្មេង Christian Lee មានកាតព្វកិច្ចឡើងការពារខ្សែក្រវាត់គុនចម្រុះពិភពលោក ONE Lightweight របស់ខ្លួនទល់នឹងអ្នកលេងគុនចម្រុះកូរ៉េខាងត្បូង Ok Rae Yoon នៅព្រឹត្តិការណ៍ REVOLUTION ថ្ងៃទី២៤ ខែកញ្ញា ខាងមុខនេះ។

សម្រាប់ការប្រកួត៦លើកចុងក្រោយ Lee មិនដែលស្គាល់បរាជ័យឡើយក្នុងនោះផ្តួលដៃគូក្នុងទឹកទី១បាន៤លើក ទឹកទី២មួយលើក និងទឹកទី៣មួយលើក។ អ្វីដែលពិសេសគឺការប្រកួតការពារខ្សែក្រវាត់ពីរលើកចុងក្រោយបញ្ចប់ដៃគូក្នុងទឹកទី១យ៉ាងឆាប់រហ័ស។

«ខ្ញុំមើលឃើញការប្រកួតនេះ នឹងបញ្ចប់នៅក្នុងទឹកទី១។ ខ្ញុំគ្រោងវ៉ៃសន្ធាប់ឲ្យ Ok ទទួលរងការឈឺចាប់ មុនពេលចាប់គាត់បោកផ្តួល រួចឃ្លេគាត់ឲ្យចុះចាញ់នៅទឹកទី១តែម្តង»។ Christian Lee បានបញ្ជាក់។

ថ្វីបើជើងឯករូបនេះមើលឃើញពីការបញ្ចប់ដៃគូក្នុងទឹកទី១បែបនេះក្តី ក៏អ្នកលេងគុនចម្រុះកូរ៉េ Ok Rae Yoon មិនមែនជាបុរសដំឡូងមូលនោះទេ។ មុនពេលទទួលបានឱកាសឡើងវ៉ៃដណ្តើមខ្សែក្រវាត់នេះ រូបគេបានយកឈ្នះអតីតជើងឯកពិភពលោក Marat Gafurov ដោយពិន្ទុ និងបន្តឈ្នះខ្លាចាស់អាមេរិកដែលអតីតជើងឯក UFC កីឡាករ Eddie Alvarez ដោយពិន្ទុទៀត។

Christian Lee បាននិយាយពីដៃគូម្នាក់នេះថា ៖«ខ្ញុំបានមើលការប្រកួតចុងក្រោយជាមួយ Eddie Alvarez ខ្ញុំឃើញថា គាត់ធ្វើបានល្អ។ អ្វីដែលជាចំណុចខ្លាំងរបស់កីឡាករកូរ៉េនេះគឺកម្ពស់ខ្ពស់ និងវ៉ៃចេញអាវុធបានឆ្ងាយ»។

«ខ្ញុំគិតថា ហេតុផលដែលធ្វើឲ្យគាត់ជោគជ័យខ្លាំងឈានឡើងដល់វ៉ៃខ្សែក្រវាត់គឺ ដោយសារគាត់ខ្ពស់។ ប៉ុន្តែ ប្រសិនបើ Ok ចង់បញ្ឈប់ការចាប់បោកផ្តួលរបស់ខ្ញុំ គាត់នឹងទទួលរងព្យុះភ្លៀងពីជំនាញវ៉ៃឈររបស់ខ្ញុំ។ ផ្ទុយទៅវិញ បើគាត់ចង់លេងក្បាច់វ៉ៃឈរជាមួយខ្ញុំ អីចឹងខ្ញុំនឹងលេងក្បាច់ក្រោមវិញ។ ខ្ញុំច្បាស់ក្នុងចិត្តណាស់ថា ខ្ញុំមានចម្លើយគ្រប់យ៉ាងដើម្បីឆ្លើយតបនឹងអ្វីដែលគាត់មាន»។

ភាពខ្លាំងរបស់ Lee វ៉ៃលឿនរហ័ស និងមិនទុកឱកាសឲ្យដៃគូបានដកដង្ហើមរួច។ ជាក់ស្តែងការផ្តួលដៃគូខ្លាំងៗដូច Iuri Lapicus និង Timofey Nastyukhin ពិតជាលឿនហួសពីការស្មានរបស់ដៃគូ។

កីឡាករវ័យ២៣ឆ្នាំបាននិយាយថា ៖«ខ្ញុំជឿជាក់ទាំងស្រុងថា ខ្ញុំជាកីឡាករល្អបំផុតនៅ ONE Championship និងក្នុងពោភពលោក ហើយខ្ញុំរឹតតែសប្បាយចិត្តដែលប្រកួតជាមួយដៃគូមកពីទីណាក៏ដោយ»៕

Telegram-Troryorng
Share.