ស្រ្តីមេម៉ាយម្នាក់ស្លាប់ចោលកូនបីនាក់ ក្រោយពេលឈ្លោះប្រកែកគ្នា ជាមួយប្រុស ស្នេហ៍ ហើយត្រូវប្រុសស្នេហ៍បាញ់សម្លាប់ក្នុងបន្ទប់ដេក ក្នុងអតីតក្លឹបមួយកន្លែង រួចហើយ ខ្មាន់កាំភ្លើងបានធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯងតាមក្រោយ។

ហេតុការណ៍នេះបានបង្កឲ្យមានភាពភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវលេខ៩០ កែង មហាវិថីព្រះស៊ីសុវត្ថិ ត្រង់ចំណុចអតីតក្លឹបកម្សាន្តមួយកន្លែង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនដៃដល់ មានឈ្មោះ ឌុច សុភា ភេទប្រុស អាយុ៣០ជាង មានមុខ របរជាសន្តិសុខយាម នៅកន្លែងកើតហេតុខាងលើ។

ចំណែកនារីរងគ្រោះជាស្រ្តីមេម៉ាយកូនបីប្រុសពីរស្រីមួយ មានឈ្មោះ ទូច សំអាង ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរលក់ដូរ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា ហេតុការណ៍ផ្ទុះអាវុធនេះ បានកើត ឡើងកាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ។មុនកើតហេតុ ជនដែលជាខ្មាន់កាំភ្លើងបានឈ្លោះប្រកែកគ្នាជាមួយនារីជាសង្សានឹងគ្នា រហូតឈានដល់ ខាងបុរសបានយកកាំភ្លើងខ្លីមួយដើម ម៉ាកK54 បាញ់ទៅលើនារីរងគ្រោះ មួយគ្រាប់ ចំត្រង់បំពុងកធ្លាយដល់សួត ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រួចហើយបុរសរូបនោះបានយកកាំភ្លើងធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯងតាមក្រោយ ចំក្បាល ចំនួនមួយគ្រាប់ស្លាប់ភ្លាមៗដែរ។

រហូតឈានដល់ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ទើបសន្តិសុខម្នាក់ទៀតដល់ម៉ោងប្ដូរវេន យាមមកដល់ទីតាំងមិនឃើញក៏ឡើងទៅមើលនៅបន្ទប់ខាងលើ ស្រាប់តែឃើញបុរសនារី ដេកស្លាប់ទាំង២នាក់ ទើបបង្កភាពភ្លាក់ផ្អើលដល់ប្រជាពលរដ្ឋ និង សមត្ថកិច្ចចុះអន្តរាគមន៍ តែម្ដង។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមទាំងកម្លាំងជំនាញ បានធ្វើ កោសល្យវិច័យ សពទាំង២នាក់និងស្វែងរក ក្រុមគ្រួសារយកសពទៅធ្វើ បុណ្យ តាមប្រពៃណី៕

អត្ថបទ៖សេង សាវី

Share.