មនុស្សម្នាក់ៗសុទ្ធតែធ្លាប់ឆ្លងកាត់ទំនាក់ទំនងផ្អែមល្ហែម ឬ ស្នេហា ប៉ុន្ដែការឆ្លងកាត់នេះខ្លះបានធ្វើឲ្យដៃគូរសេ្នហាអាចស្រលាញ់គ្នាដល់ពេលរៀបការ ខ្លះក៏បែកគ្នា ដើម្បីទៅបង្កើតគ្រួសាររាងខ្លួន។ ដូច្នេះហើយទើបមានអ្នកខ្លះលំបាកក្នុងការបំភ្លេចមនុស្សដែលធ្លាប់ស្រលាញ់ ទោះបីជាអ្នកនោះមិនទាន់មានអ្នកថ្មីមកស្អំបេះដូង ឬ ក៏អ្នកខ្លះមានគ្រួសាររួចហើយ ក៏នៅមានកូនចិត្តលួចគិត លួចនឹកដល់សង្សាចាស់ជាដើម។ ថ្វីត្បិតការប្រេះឆានៃចំណងស្នេហា ធ្វើឲ្យអ្នកមានការពិបាកចិត្ត និង ពិបាកបំភ្លេចយ៉ាងណាក្ដី ក៏នៅមានវិធីមួយចំនួនអាចជួយឲ្យអ្នកអាចបំភ្លេចសង្សាចាស់បានខ្លះដែរ។ តើវិធីអ្វីខ្លះដែលអាចជួយអ្នកបំភ្លេចសង្សាចាស់?

១) គិតអវិជ្ជមាន៖ អ្នកគួរតែព្យាយាមគិតពីភាពមិនល្អរបស់សង្សាចាស់របស់អ្នកឲ្យបានច្រើនជាងអំពើល្អដែលគេធ្លាប់ធ្វើមកលើអ្នក។ ហើយត្រូវតែចង់ចាំនូវមូលហេតុដែលធ្វើឲ្យចំណងស្នេហារបស់អ្នកឈានដល់ផ្លូវបំបែក ដែលគិតថាមិនអាចរស់នៅចុះសម្រុងទៅមុខជាមួយគ្នា។ ត្រូវគិតអំពីរឿងដែលដៃគូរចាស់របស់អ្នកធ្វើឲ្យអ្នកឈឺចាប់ ខឹង ស្អប់ជាដើម។

២) សម្អាតចិត្ត៖ អ្នកត្រូវលុបរូបថតគេ សម្លេងគេ កាយវិការដែលគេធ្លាប់ធ្វើចេញពីចិត្តឲ្យដាច់ស្រឡះ។ បញ្ឈប់ការគិតពីអនុស្សាវរីយ៍ទាំងឡាយ បើកចិត្តទទួលយកអ្នកថ្មីដែលល្អជាង និង យល់ពីតម្លៃរបស់អ្នកច្រើនជាងអ្នកចាស់។

៣) កាត់ផ្ដាច់ទំនាក់ទំនង៖ ត្រូវតែកាត់ផ្ដាច់ទំនាក់ទំនងជាមួយគ្នាឲ្យដាច់ស្រឡះ ព្រោះប្រសិនបើអ្នកមានដៃគូរថ្មី ហើយនៅតែបន្ដទាក់ទងនឹងអ្នកចាស់ទោះបីជាមិនអាចវិលត្រឡប់ទៅរកគ្នាវិញយ៉ាងណាក៏ដោយ ក៏ដៃគូរថ្មីរបស់អ្នកមានអារម្មណ៍អន់ចិត្ត ប្រច័ណ្ឌ មិនសប្បាយចិត្ត។ បើអ្នកមិនចង់ឲ្យទំនាក់ទំនងថ្មីប្រេះឆា អ្នកគួរតែព្យាយាមកាត់ឲ្យដាច់ស្រឡះរវាងមនុស្សធ្លាប់ស្រលាញ់ និង មនុស្សកំពុងស្រលាញ់។

៤) កុំធ្វើមិត្តជាមួយគ្នា៖ ពិតណាស់អ្នកខ្លះបែកគ្នាហើយក៏នៅតែរាប់អានគ្នាជាមិត្ត ប៉ុន្ដែការរាប់អានជាមិត្តនេះមិនមានអ្វីល្អចំពោះអ្នកឡើយ ព្រោះអាចធ្វើឲ្យអ្នកខាតពេល ដែលធ្វើឲ្យពេលខ្លះអ្នកមិនអាចមានពេលស្វែងរកដៃគូរថ្មីជាដើម។ ជាពិសេសអាចធ្វើឲ្យអ្នកមានអារម្មណ៍ឈឺចាប់នូវពេលដែលអតីតសង្សារបស់អ្នកនិយាយអំពីការផ្ដើមទំនាក់ទំនងជាមួយអ្នកថ្មី ប្រាប់ឲ្យអ្នកដឹង។

៥) ដើរលេង៖ អ្នកគួរតែចេញក្រៅដើរលេង ជាមួយមិត្តភក្ដី ឬ គ្រួសាររបស់អ្នកនៅពេលដែលអ្នកទំនេរពីការងារ ជៀសវាងការអង្គុយនៅទីស្ងាត់ម្នាក់ឯង ព្រោះការនៅស្ងប់ស្ងាត់អាចធ្វើឲ្យអ្នកគិតរឿងមិនសូវល្អនោះទេ។

វិធីសាមញ្ញទាំង ៥ នេះក៏អាចជួយឲ្យអ្នកកាត់ផ្ដាច់ចិត្ត ឈប់គិត ឈប់នឹកពីគេបានខ្លះ ប៉ុន្ដែប្រសិនបើអ្នកនៅមានវិធីសាស្ត្រអ្វីល្អជាងនេះ អ្នកអាចចែករំលែកទៅកាន់អ្នកដែលកំពុងខូចចិត្តបន្ដទៀតផង៕

អត្ថបទ៖ ស្រាវជ្រាវ

Telegram-Troryorng
Share.