ភ្នំពេញ ៖ ក្មេងប្រុស២នាក់បងប្អូន ក្រោយពីលង់ទឹកប្រឡាយលិចស្លាប់បាត់ នៅប្រឡាយទើបជីកកាយថ្មី ស្របផ្លូវរថភ្លើង ក្នុងភូមិវាល សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ កាលពីរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ ម្សិលមិញ គិតមកដល់ព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ សពក្មេងប្រុស ត្រូវបានបងប្អូនប្រជាពលរដ្ឋជួយរាវរកឃើញអស់ហើយ ។

កុមាររងគ្រោះទាំង២នាក់បងប្អូន ទី១ ឈ្មោះ នឿន សេងហុង ភេទប្រុស អាយុ៨ឆ្នាំ មានឪពុកឈ្មោះ សុីវ សល់ អាយុ៣៧ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនលក់ថ្នាំពេទ្យ ម្តាយឈ្មោះ ជា ស្រីទូច អាយុ៣៨ឆ្នាំ មុខរបរ កម្មកររោងចក្រ មានបងប្អូន២នាក់ ប្រុស១នាក់ ស្រី១នាក់ ក្មេងរងគ្រោះជាកូនពៅ រស់នៅភូមិវាល សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ ។ ទី២ ឈ្មោះ ជា លីហ័រ ភេទប្រុស អាយុ៦ឆ្នាំ ត្រូវជាបងប្អូនជីដូនមួយនឹងគ្នា មានឪពុកឈ្មោះ ជា ពិសិដ្ឋ អាយុ៣៧ឆ្នាំ មុខរបរ យោធា មានម្តាយឈ្មោះ មឿន ធារ៉ា អាយុ៣៥ឆ្នាំ មុខរបរ កម្មការនីរោងចក្រ មានទីលំនៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្មេងរងគ្រោះមានបងប្អូន២នាក់ ប្រុស២នាក់ ក្មេងរងគ្រោះជាកូនពៅ ។

គួរំលឹកផងដែរថា កាលពីរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ ខណៈដែលឪពុកម្តាយ បងប្អូនមិននៅផ្ទះ ក្មេងរងគ្រោះទាំង២នាក់ នាំគ្នាទៅស្ទូចត្រី នៅវាលស្រែ ចំងាយពីផ្ទះជាង១០០ម៉ែត្រ ជាអកុសល រអិលជើងធ្លាក់ទឹកលង់លិចបាត់ម្នាក់ ម្នាក់ទៀតជួយចាប់ លង់លិចបាត់ទាំង២នាក់ បង្កឲ្យផ្អើលឆោឡោ អ្នកភូមិ សមត្ថកិច្ច រាវរកឃើញម្នាក់ នៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃដដែល ហើយកម្លាំងនៅបន្តរាវរក លុះមកដល់វេលាម៉ោង៥និង៤៥នាទីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ រកឃើញម្នាក់ទៀត ឈ្មោះ ជា សេងហុង ។

សពក្មេងប្រុសទាំង២នាក់ គិតមកដល់ព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ ត្រូវបានរាវឃើញស្រង់លើកតម្កល់ទុកនៅផ្ទះ ទាំង២នាក់ហើយ ឪពុកម្តាយបានត្រឹមកាន់ឱបរូបថតសពកូនប្រុស យំសោកបោកខ្លួន ដើម្បីរងចាំសមត្ថកិច្ច ជំនាញ បន្តពិនិត្យ កោសល្យវិច័យ មុននឹងក្រុមគ្រួសារ គម្រោងដឹកសពក្មេងទាំង២នាក់ ទៅធ្វើបុណ្យនៅឯភូមិត្រពាំងផ្លុង សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ៕

Share.