ភ្នំពេញ៖ យ៉ាងហោចណាស់មានយុវជន២នាក់បានបាត់បង់ជីវិត ដោយសារមានជនមិនស្គាល់មុខមួយក្រុម បានស្ទាក់ព្រួតគ្នាកាប់ ជាច្រើនកាំបិត នៅជាប់របងវត្តព្រែកប្រា សង្កាត់ ព្រែក ប្រា ខណ្ឌច្បារអំពៅ កាលពីវេលាម៉ោង ១រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះទាំង២នាក់រួមមាន៖ ទី១ មានឈ្មោះ អ៊ុន ដាឡាក់ អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិផ្សារចាម សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ ជនរងគ្រោះម្នាក់ទៀតមានឈ្មោះ ឈាង មានហេង អាយុ១៨ឆ្នាំ មុខ របរសិស្ស ស្នាក់នៅសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ បានជិះម៉ូតូមួយគ្រឿងម៉ាកអាយខុន ចេញពីផឹកស៊ី លុះ ដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យមួយក្រុម ប្រដាប់ដោយកាំបិត បានព្រួតគ្នាវាយនិងកាប់ទៅលើជនរងគ្រោះទាំង ២នាក់ ជាច្រើនកាំបិត បណ្តាលឲ្យដួលម៉ូតូបោកទៅនឹងរបងវត្តស្លាប់ម្នាក់ នៅកន្លែងកើតហេតុភ្លាមៗ។

ចំណែកយុវជនម្នាក់ទៀត បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ក្រោយពេលកើតហេតុ។ រហូតមកដល់ពេលនេះ សមត្ថកិច្ច ជំនាញព្រហ្មទណ្ឌខណ្ឌច្បារអំពៅ និងកម្លាំងអាវុធហត្ថ កំពុងបើកការស្រាវជ្រាវដើម្បីឈានទៅវែកមុខ ជនបង្កមកផ្តន្ទោទោស តាមច្បាប់ជាធរមាន៕

Share.