ទីម័រខាងកើត បរាជ័យក្នុងការនាំយកកីឡាករ Fabio Carvalho សមាជិកក្នុងក្រុម Fullham សមាជិកលីគកំពូលប្រទេសអង់គ្លេស មកចូលរួមក្នុងក្រុមជម្រើសជាតិ ដោយសារកីឡាករវ័យ១៨ឆ្នាំរូបនេះ បានសម្រេចចិត្តចូលរួមក្នុងក្រុមជម្រើសជាតិអង់គ្លេស ក្នុងថ្នាលយុវជន រួចទៅហើយ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុករបស់ទីម័រខាងកើត។

កីឡាករដែលមានឱពុកម្តាយជាជនជាតិទីម័រខាងកើតរូបនេះបានកើតនៅទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់ ប៉ុន្តែគេមានសញ្ជាតិអង់គ្លេស ព្រោះគ្រួសារគេបានប្តូរលំនៅទៅទីក្រុងឡុងដុង តាំងគេនៅតូចមកម៉្លេះ។ ហេតុនេះហើយជាផ្នែកមួយនៃមូលហេតុដែលរូបគេបដិសេធន៍ជាមួយសហព័ន្ធកីឡាបាល់ទាត់ទីម័រខាងកើត។
កីឡាករ Fabio Carvalho ជាយុវជនថ្នាលរបស់ក្លិប Benfica និង Fullham ហើយនៅឆ្នាំ២០២០ កន្លងទៅនេះក្លិប Fullham បានចុះកិច្ចសន្យាកីឡាករអាជីពជាមួយរូបគេឱ្យចូលលេងនៅក្នុងក្រុមឈុតធំ ក្នុងពានរង្វាន់លីគកំពូលអង់គ្លេស និងពាននានាក្នុងស្រុក។ ក្រៅពីនោះរូបគេធ្លាប់ជាប់ឈ្មោះក្នុងក្រុមឈុតយុវជនរបស់អង់គ្លេស U16,U17 និង U18 ផងដែរ។
ម្ចាស់អាវលេខ 48 ក្នុងក្រុម Fullham នេះបានបង្ហាញខ្លួនក្នុងឈុតធំជាលើកដំបូង ពេលក្រុមខ្លួនយកឈ្នះលើក្រុម Sheffield Wednesday ដោយលទ្ធផល២ទល់០ ក្នុងពាន League Cup កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០៕