សមាជិកពានរង្វាន់ Metfone Cambodian League ក្លិបបាល់ទាត់វិសាខា បានធ្វើសេចក្តីបកស្រាយពីបញ្ហាភ្លើងបំភ្លឺនៅកីឡដ្ឋានព្រីនស៍ របស់ខ្លួនដែលមានមូលដ្ឋាននៅទឹកដីខណ្ឌសែនសុខ ក្នុងរាជធានីភ្នំពេញ។ ខ្លឹមសារទាំងស្រុងនៃសេចក្តីបកស្រាយរបស់ក្លិបដែលមានផ្សាយតាម Page ហ្វេសប៊ុកនិង App របស់ខ្លួនមានដូចតទៅ៖
«ដោយសារកន្លងមកមានបងប្អូនមួយចំនួន មានចម្ងល់ជុំវិញកម្លាំងភ្លើងបំភ្លឺ នៃកីឡដ្ឋានព្រីនស៍របស់យើង ថ្ងៃនេះ ក្លិបកីឡាបាល់ទាត់ វិសាខា មានកិត្តិយសសូមជម្រាបថា នារដូវកាលថ្មី ឆ្នាំ២០២២ ខាងមុខ ក្លិបយើង នឹងធ្វើការដំឡើងបង្គោលភ្លើងចំនួន ២ដើមទៀត ដើម្បីបង្កើនកម្លាំងភ្លើងលើសពី ១,២០០ Lux»។
ប្រភពបន្ថែមថា៖«បច្ចុប្បន្នកីឡដ្ឋានរបស់យើង កំពុងប្រើប្រាស់បង្គោលភ្លើង ២ដើម ដែលមានកម្លាំងភ្លើងចន្លោះ ៩០០ Lux ទៅ ១,០០០ Lux ។ ប៉ុន្ដែតាមតម្រូវការ AFC ដើម្បីអាចលេង Play-offf នៃពាន AFC Cup បាន ត្រូវមានកម្លាំងភ្លើងយ៉ាងតិច ១,២០០ Lux ។ ដូច្នេះក្លិបរបស់យើង មានឆន្ទៈ និងការប្ដេជ្ញាចិត្ត នាឆ្នាំក្រោយ យើងនឹងដំឡើងបង្គោលភ្លើង ដែលមានកម្លាំងរហូតដល់ ១,២០០ Lux ទៅ ១,៥០០ Lux ដើម្បីងាយស្រួលរៀបចំការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនានា»។

ក្លិបរំពឹងថា៖«នេះគឺជាផ្នែកមួយ នៃផែនការមេរបស់យើង ក្រោមគំនិតផ្ដួចផ្ដើម និងការអភិវឌ្ឍលើចក្ខុវិស័យដ៏វែងឆ្ងាយរបស់ថ្នាក់ដឹកនាំក្លិបកីឡាបាល់ទាត់ វិសាខា ដើម្បីជំរុញកីឡដ្ឋានព្រីនស៍ ឲ្យក្លាយជាកីឡដ្ឋានដ៏ទំនើប ហើយអាចរៀបចំការប្រកួតគ្រប់កម្រិត និងផ្ដល់នូវបទពិសោធល្អៗ សម្រាប់បងប្អូនអ្នកគាំទ្រទាំងអស់ ដែលនឹងអញ្ជើញមកទស្សនាការប្រកួតដ៏អស្ចារ្យនៅកីឡដ្ឋានរបស់យើង បន្ទាប់ពីជំងឺរាតត្បាតសកលកូវីដ-១៩ មានស្ថានភាពធូរស្រាល និងវិលទៅរកសភាពដើមវិញ»។
ក្លិបបាល់ទាត់វិសាខា ឈ្នះពានរង្វាន់លីគលំដាប់ទី២ នៅឆ្នាំ២០១៧ ហើយនៅឆ្នាំ២០១៨ ទទួលកៅអីចូលក្នុងពានរង្វាន់ Metfone Cambodian League ពីពេលនោះដល់បច្ចុប្បន្ន។ នៅឆ្នាំ២០២០ ក្រុមបាល់ទាត់វិសាខា បានឈ្នះជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ហើយទទួលបានកៅអីទៅលេងក្នុងវគ្គជម្រុះពានរង្វាន់កម្រិតទ្វីបអាស៊ី AFC Cup 2021 ផងដែរ៕