Keisuke Honda កាន់ឯកសណ្ឋានក្លិបថ្មី

អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា Keisuke Honda បាន​សម្រេច​ចិត្ត​ចុះ​កិច្ចសន្យា​​១រដូវកាល​ជាមួយ​ក្រុម​បាល់ទាត់ FK Sūduva ក្នុង​លីគ​ពូល​នៃ​ប្រទេស​​លីទុយអានី A Lyga នៅ​យប់​ថ្ងៃអង្គារ សប្ដាហ៍​នេះ។

ក្លិប FK Sūduva ក្នុង​ទ្វីប​អឺរ៉ុប មួយ​នេះ​បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​បង្ហាញ​ខ្លួន​​កីឡាករ​វ័យ​​៣៥​ឆ្នាំ​រូប​នេះ ដោយ​នឹង​ពាក់​ឯកសណ្ឋាន​លេខ​៣។ នេះ​ជា​ប្រទេស​ទី៩ ហើយ​ដែល​បុរស​ជនជាតិ​ជប៉ុន រូប​នេះ​ប្រកប​អាជីព​ជា​កីឡាករ​បាល់ទាត់​ដោយ​ក្នុង​នោះ​មាន​ ជប៉ុន, រុស្ស៊ី, អ៊ីតាលី, ម៉ិចស៊ីកូ, អូស្ត្រាលី, ហុល្លង់, ប្រេស៊ីល,អាហ្សេបៃហ្សង់ និង​លីទុយអានី នេះ​ផ្ទាល់។

ក្រុម​បាល់ទាត់ FK Sūduva កំពុង​ឈរ​​កំពូល​តារាង​ពានរង្វាន់ A Lyga ក្រោយ​ប្រកួត​បាន​២៦លើក ឈ្នះ​បាន​១៧លើក ស្មើ​៤លើក និង​ចាញ់​៥លើក​មាន​៥៥ពិន្ទុ​។ ពានរង្វាន់ A Lyga តម្រូវ​ឱ្យ​​ក្រុម​ជា​សមាជិក​ទាំង​១០​ក្រុម ប្រកួត​វិលជុំ​ចំនួន​៤ជើង គឺ​​៣៦​សប្ដាហ៍​ទើប​បញ្ចប់៕

Telegram-Troryorng
Share.