បាត់ដំបង៖ ម្តាយរវល់ការងារមិនប្រយ័ត្នបណ្តោយឲ្យកូនតូចដើរលេងម្នាក់ឯងរអិលជើងធ្លាក់ចូលលូលង់ទឹកស្លាប់។​ លោកវរសេនីយ៍ទោ អ៉ឹង សុវណ្ណ អធិការរង នៃអធិការនគរបាលស្រុកថ្មគោលបានប្រាប់ឲ្យដឹងថា ករណីក្មេងលង់ទឹកស្លាប់នេះ បានកើតឡើង ត្រង់ចំណុចក្រុមទី ២០ ភូមិប៉ោយតាសេក ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង នៅល្ងាចថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២ ម្សិលមិញនេះ។​

កុមាររងគ្រោះមានឈ្មោះនី ចាន់នុ ភេទប្រុស អាយុ ០៧ឆ្នាំ រស់នៅជាមួយឳពុកម្តាយក្នុងភូមិ- ឃុំកន្លែងកើតហេតុខាងលើ។

តាមការបំភ្លឺពីឳពុកជនរងគ្រោះឈ្មោះឡុង ចន្នី អាយុ ៤០ឆ្នាំ បានបំភ្លឺថា នៅអំឡុងវេលាម៉ោងប្រហែលជាប្រាំ ថ្ងៃកើតហេតុខ្លួនបានជិះម៉ូតូទៅទិញអង្ករមួយភ្លេតនៅឯរោងម៉ាស៊ីនចំណុចក្បាលថ្នល់ ក្រោយមកក៏បានត្រឡប់មកផ្ទះវិញស្រាប់តែបាត់កូន ភ្លាមនោះខ្លួនក៏ដើររកជុំវិញផ្ទះក៏នៅតែរកមិនឃើញ រួចខ្លួនក៏បានដើរទៅរកដល់ប្រឡាយមុខវត្ត ប៉ោយតាសេក បានឃើញស្បែកជើងរបស់កូននៅក្បែរមាត់លូ ហើយកើតការសង្ស័យគាត់ក៏ចុះរាវរកក្នុងប្រឡាយទឹកក៏ស្រាប់តែប្រទះឃើញកូនបានលង់ទឹកស្លាប់បាត់ទៅហើយ ភ្លាមៗបានរាយការណ៍ជូនដល់សមត្ថកិច្ចមូលដ្ឋានតែម្ដង។

ក្រោយមក នគរបាលជំនាញចុះទៅដល់ពិនិត្យសាកសពបង្ហាញថាក្មេងរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ហើយបានប្រគល់សាកសពទៅឲ្យអាណាព្យាលដើម្បីរៀបចំពិធីតាមប្រពៃណី៕

អត្ថបទ៖ ដំបងក្រញូង

Share.