
កីឡាករប្រដាល់ Rashed Al-Swaisat ជនជាតិហ្សកដានី បានទទួលមរណភាព នៅ១១ថ្ងៃក្រោយពីពេលដែលរូបគេបរាជ័យ ដោយសន្លប់ នៅក្នុងប្រកួតជើងឯកយុវជន យុវតី ពិភពលោក AIBA Youth World Boxing Championships ដែលធ្វើឡើងនៅទីក្រុងKielce ប្រទេសប៉ូឡូញ កាលពីថ្ងៃ១៦ ខែមេសា ឆ្នាំ២០២១។
សហព័ន្ធកីឡាប្រដាល់អន្តរជាតិ International Boxing Association (AIBA) បានបង្ហោះសារកាន់ទុក្ខនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ក្រោយមរណភាពរបស់កីឡាករវ័យ១៩ឆ្នាំរូប។ Rashed Al-Swaisat បានប្រកួតចាញ់កីឡាករ Anton Winogradow របស់ប្រទេសអេស្តូនី ក្នុងប្រភេទទម្ងន់ ក្រោម81គីឡូក្រាម ហើយដួលបោកក្បាលនឹងសង្វៀននៅក្នុងទឹកទី៣។ ក្រោយបរាជ័យក្រុមគ្រូពេទ្យបានបញ្ជូនកីឡាកររូបនេះទៅកាន់មន្ទីរពេទ្យហើយត្រូវវះកាត់ខួរក្បាល តែការជួយសង្គ្រោះនោះមិនបានសម្រេចរហូតរូបគេទទួលមរណភាពតែម្តង។
សារព័ត៌មាន WP SportoweFakty ប៉ូឡូញ បានធ្វើការស៊ើបអង្កេតពីឧបទ្ទវហេតុនេះឡើងវិញផងដែរ ប៉ុន្តែមិនមានភស្តុតាងដាក់បន្ទុកណាមួយដែលបង្កឡើងដោយចេតនានោះទេ៕