មានកីឡាករចំបាប់កូរ៉េខាងត្បូង បានចំនួន៧នាក់ ត្រូវបានសារព័ត៌មាន Yonhap News Agency រាយការណ៍ថាឆ្លងជំងឺកូវីដ-១៩ ក្រោយពេលបំពេញបេសកកម្មក្នុងការប្រកួតកម្រិតទ្វីប Asian Wrestling Championships នៅទីក្រុង Almaty ប្រទេសកាហ្សាក់ស្ថាន នៅពាក់កណ្ដាលខែមេសា ឆ្នាំ២០២១ នេះ។

ប្រភពបានបន្តថាក្រុមកីឡាករចំបាប់៥នាក់ និងគ្រូបង្វឹក១នាក់ បានត្រឡប់ទៅប្រទេសកំណើតវិញក្រោយបញ្ចប់ការប្រកួត ខណៈមានកីឡាករ៦នាក់ និងគ្រូបង្វឹក១នាក់ ត្រូវស្នាក់នៅកាហ្សាក់ស្ថានមួយរយៈមុនចេញទៅប្រកួតពានរង្វាន់មួយទៀតនៅទីក្រុង Sofia ប្រទេសប៊ុលហ្គារី ក្នុងសប្ដាហ៍ក្រោយ ហើយអ្នកទាំង៧នាក់នោះ ដែលរកឃើញថាផ្ទុះកូវីដ-១៩។
បើតាមរបាយការណ៍របស់សហព័ន្ធកីឡាចំបាប់កូរ៉េខាងត្បូង បានបញ្ជាក់ថាកីឡាករនិងគ្រូបង្វឹកដែលឆ្លងកូវីដ-១៩ នៅក្រៅប្រទេសនេះមិនមានបញ្ហាធ្ងន់ធ្ងរនោះទេ តែបានយកទៅព្យាបាលនិងដាក់ដាច់ដោយឡែក រួចរាល់ហើយ។
ប្រកួត Asian Wrestling Championships ពីថ្ងៃទី១៣ ដល់១៨ ខែមេសា នេះមានប្រទេសជាច្រើនមិនបានបញ្ជូនអត្តពលិករបស់ខ្លួនទៅចូលរួមប្រកួតដោយសារតែបញ្ហាកូវីដ-១៩។ មានតែ២០ប្រទេសប៉ុណ្ណោះ ដែលបានបញ្ជូនកីឡាកររបស់ខ្លួនទៅប្រកួត ដែលមានកីឡាករសរុប២៦៣នាក់ ប្រកួតលើ៣០វិញ្ញាសារផ្សេងគ្នា។ ជាលទ្ធផលអ៊ីរ៉ង់ និងកាហ្សាស្ថាន ដណ្តើមបានមេដាយមាសម្នាក់៧ គ្រឿង ហើយឥណ្ឌា បាន៥, ជប៉ុន ឈ្នះ៣, ជីគីស្ថាន ម៉ុងហ្គោលី អ៊ូបេគីស្ថាន និងកូរ៉េខាងត្បូង ឈ្នះម្នាក់២គ្រឿង៕