មាន​កីឡាករ​ចំបាប់​កូរ៉េខាងត្បូង បាន​​ចំនួន​៧នាក់ ត្រូវ​បាន​សារព័ត៌មាន Yonhap News Agency រាយការណ៍​ថា​ឆ្លង​ជំងឺ​កូវីដ-១៩ ក្រោយ​ពេល​បំពេញ​បេសកកម្ម​​ក្នុង​ការ​ប្រកួត​កម្រិត​ទ្វីប Asian Wrestling Championships​ នៅ​ទីក្រុង Almaty ប្រទេស​កាហ្សាក់ស្ថាន នៅ​ពាក់​កណ្ដាល​ខែ​មេសា ឆ្នាំ​២០២១ នេះ។

ប្រភព​បាន​បន្ត​ថា​ក្រុម​កីឡាករ​ចំបាប់​៥នាក់ និង​គ្រូ​បង្វឹក​១នាក់ បាន​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​ក្រោយ​បញ្ចប់​ការ​ប្រកួត ខណៈ​មាន​​កីឡាករ​៦នាក់ និង​គ្រូ​បង្វឹក១នាក់ ត្រូវ​ស្នាក់​នៅ​កាហ្សាក់ស្ថាន​មួយ​រយៈ​មុន​ចេញ​ទៅ​ប្រកួត​ពានរង្វាន់​មួយ​ទៀត​នៅ​​ទីក្រុង Sofia ប្រទេស​ប៊ុលហ្គារី ក្នុង​សប្ដាហ៍​ក្រោយ ហើយ​អ្នក​ទាំង​៧នាក់​នោះ​ ដែល​រក​ឃើញ​ថា​ផ្ទុះ​កូវីដ-១៩។

បើតាម​របាយការណ៍​របស់​សហព័ន្ធ​កីឡា​ចំបាប់​កូរ៉េខាងត្បូង បាន​បញ្ជាក់​ថា​កីឡាករ​​និង​គ្រូ​បង្វឹក​ដែល​ឆ្លងកូវីដ-១៩ នៅ​ក្រៅ​ប្រទេស​នេះ​មិន​មាន​បញ្ហា​ធ្ងន់ធ្ងរ​នោះ​ទេ តែ​បាន​យក​ទៅ​ព្យាបាល​និង​ដាក់​ដាច់​ដោយ​ឡែក រួចរាល់​ហើយ។

ប្រកួត Asian Wrestling Championships​ ពី​ថ្ងៃ​ទី១៣ ដល់​១៨ ខែ​មេសា នេះ​មាន​ប្រទេស​ជា​ច្រើន​មិន​បាន​បញ្ជូន​អត្តពលិក​របស់​ខ្លួន​ទៅ​ចូលរួម​ប្រកួត​ដោយ​សារ​តែ​បញ្ហា​កូវីដ-១៩។ មាន​តែ​២០ប្រទេស​ប៉ុណ្ណោះ ដែល​បាន​បញ្ជូន​កីឡាករ​របស់​ខ្លួន​ទៅ​ប្រកួត​ ដែល​មាន​កីឡាករ​សរុប​២៦៣នាក់ ប្រកួត​លើ​៣០វិញ្ញាសារ​ផ្សេង​គ្នា។ ជា​លទ្ធផល​អ៊ីរ៉ង់ និង​កាហ្សាស្ថាន ដណ្តើម​បាន​មេដាយ​មាស​ម្នាក់​៧ គ្រឿង ហើយ​ឥណ្ឌា បាន​៥, ជប៉ុន​ ឈ្នះ​៣, ជីគីស្ថាន ម៉ុងហ្គោលី អ៊ូបេគីស្ថាន និង​កូរ៉េខាងត្បូង ឈ្នះ​ម្នាក់​២គ្រឿង៕

Share.