ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នេះគឺជាខួបអនុស្សាវរីយ៍លើកទី១៣៥ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ សន្តិភាព សុខភាព និងការងារ»។

ដូចបណ្តាឆ្នាំមុនៗដែរ ដើម្បីចូលរួមអបអរទិវាអន្តរជាតិមួយនេះ រាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យមន្ត្រីរាជការស៊ីវិល និងជាពិសេសកម្មករ និយោជិត ឈប់សម្រាកផងដែរនៅក្នុងថ្ងៃនេះ។ អ្វីដែលខុសប្លែកពីបណ្តាឆ្នាំមុនៗនោះគឺនៅឆ្នាំនេះដោយសារតែការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ គេពុំឃើញមានការរៀបចំជួបជុំទាមទារលក្ខខណ្ឌការងារ ពីសំណាក់បណ្តាសហជីមួយចំនួនដូចដែលពួកគេធ្លាប់បានរៀបចំនាពេលកន្លងមកនោះឡើយ។

 តើទិវាពលកម្មអន្តរជាតិមានប្រវត្តិយ៉ាងដូចម្តេច? 

តាមឯកសារបង្ហាញថា ទិវាពលកម្មអន្តរជាតិ ចាប់ផ្តើមបប្រារព្ធដំបូង នៅឆ្នាំ១៨៨៧ នៅក្នុងខែកញ្ញា។ ប៉ុន្តែលុះដល់ឆ្នាំ១៩០៤ ទើបទិវាអន្តរជាតិមួយនេះ ត្រូវបានធ្វើនៅថ្ងៃទី០១ ខែ ឧសភា រហូតមក។

តាមពិតទៅការបង្កើតឲ្យមាន «ទិវាពលកម្មអន្តរជាតិ» នេះ មានជាប់ទាក់ទងនឹងចលនាបដិវត្តន៍របស់កម្មករ និយោជិត នៅក្នុងអាមេរិក ដែលត្រូវបានបំពាន ដោយនយោជករបស់ខ្លួននៅក្នុងអំឡុងសតវត្សន៍ទី១៩ ។

ចលនាទាមទារមុននឹងមានទិវាពលកម្មអន្តរជាតិ១ឧសភា

ការរីកលូតលាស់ នៃវិស័យឧស្សាហកម្មរបស់អាមេរិកនៅសតវត្សន៍ទី១៩ បានធ្វើឲ្យចំនួនរោងចក្រ និង កម្មករនយោជិត ក៏មានការកើនឡើងផងដែរ។ ស្របពេលជាមួយគ្នានោះ ការបំពាន និងលក្ខខណ្ឌការងារ មិនបានឆ្លើយតបទៅនឹងតម្រូវការរបស់កម្មករនិយោជិតឡើយ។ ក្នុងនោះកម្មករនិយោជិត ត្រូវធ្វើការចាប់ពី១០ ទៅ១៦ម៉ោងក្នុងមួយថ្ងៃ តែបានប្រាក់ឈ្នួល ដែលពួកគេទទួលបានមកវិញ គឺត្រឹមកម្រិតទាបបំផុត។ អ្វីដែលធ្ងន់ធ្ងរនោះគឺកម្មករ ត្រូវបានស្លាប់ និងរងរបួសជារៀងរាល់ថ្ងៃ ដោយសារតែការធ្វើការ លើសកំណត់ បញ្ហាបរិស្ថាន និងលក្ខខណ្ឌការងាររបស់ពួកគេ មិនមានបទដ្ឋានត្រឹមត្រូវ ដើម្បីធានាឲ្យបាននូវសុខមាលភាព និងសុវត្ថិភាពនោះទេ។

នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ១៨៨៦ ក្រុមកម្មករប្រមាណ៣០ម៉ឺន ទៅ៥០ម៉ឺននាក់ បានជួបជុំគ្នាធ្វើបាតុកម្មទូទាំងប្រទេសអាមេរិក ដើម្បីទាមទារឱ្យកំណត់ម៉ោងធ្វើការ ប្រាំបីម៉ោងក្នុងមួយថ្ងៃ។ ចូលដល់ថ្ងៃទី០៣ ខែនិងឆ្នាំដដែល មានកម្មករប្រមាណជាប្រាំមួយនាក់ ត្រូវបាននគរបាលបាញ់សម្លាប់។

លុះដល់ថ្ងៃទី០៤ ខែ និងឆ្នាំដដែលនោះ នាទីលាន Haymarket Affair នៃទីក្រុងស៊ីកាហ្គោ របស់សហរដ្ឋអាមេរិក ក្រុមកម្មករ និងសង្គមស៊ីវិល បានជួបជុំគ្នាជាផែន ជាក្រុម ធ្វើបាតុកម្ម ដើម្បីទាមទារឱ្យមានម៉ោងធ្វើការ០៨ម៉ោងក្នុង០១ថ្ងៃ និងទាមទាររកយុត្តិធម៌ឱ្យកម្មករ ដែលត្រូវបានសម្លាប់កាលពីថ្ងៃទី០៣ ឧសភា។

គិតត្រឹមឆ្នាំ១៨៩៤ ទិវាពលកម្ម ក៏បានក្លាយជាថ្ងៃសម្រាកសាធារណៈរបស់រដ្ឋចំនួន៣០ ប៉ុន្តែវាត្រូវបានគេកំណត់យកនៅខែកញ្ញា ពោលគឺពុំមែនធ្វើនៅខែឧសភា ដូចបច្ចុប្បន្ននេះ  ឡើយ។

ឆ្នាំ១៨៨៩ សមាជមួយត្រូវបានធ្វើនៅទីក្រុងប៉ារីស ប្រទេសបារាំង។ សមាជនេះ បានសម្រេចយកថ្ងៃនៃខែឧសភា (May Day) ថាជាថ្ងៃសម្រាកប្រចាំឆ្នាំ ដើម្បីរំលឹកដល់ព្រឹត្តិការណ៍ ថ្ងៃទី០៤ ខែ  ឧសភា ឆ្នាំ១៨៨៦ នាទីលាន Haymarket Affair នាទីក្រុងស៊ីកាហ្គោ ដោយចាប់ផ្តើមអនុវត្តពីត្រឹមឆ្នាំ១៨៩១។

ក្រោយមកទៀតអង្គការអន្តរជាតិខាងការងារ ILO ក៏បានកំណត់យកថ្ងៃទី១ ខែឧសភា ថាជាទិវាពលកម្មអន្តរជាតិ ហើយប្រារព្ធធ្វើរៀងរាល់ឆ្នាំ នៅទូទាំងពិភពលោកដែលគិតរហូតមក ដល់ពេលនេះជាខួបអនុស្សាវរីយ៍លើកទី១៣៥ហើយ៕

Share.