
ប្រធានក្លិបបាល់ទាត់វិសាខា លោកជំទាវ កែ សួនសុភី ស សុខា បានផ្ដល់អំណោយជាគ្រឿងឧបភោគ បរិភោគជូនដល់កងកម្លាំងរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ អំឡុងពេលបំពេញបេសកម្មយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងតែផ្ទុះឡើងខ្លាំងនៅក្នុងខេត្តប៉ុន្មានថ្ងៃនេះ។
នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២១ ក្រុមការងារតំណាងលោកជំទាវ កែ សួនសុភី ស សុខា បាននាំយកគ្រឿងឧបភោគ បរិភោគប្រគល់ជូនកងកម្លាំងរួមមាន អង្ករចំនួន ៦ តោន, ត្រីខចំនួន ៣៦ កេសធំ, មីចំនួន ៣៦ កេសធំ, ទឹកត្រីចំនួន ១០០ យួរ, ទឹកស៊ីអ៊ីវចំនួន ១០០ យួរ, ទឹកក្រូចចំនួន ៥០ កេស និងទឹកសុទ្ធចំនួន ៥០ កេស។
សូមបញ្ជាក់ថាបើយោងតាមរបាយការណ៍ប្រចាំថ្ងៃរបស់ក្រសួងសុខាភិបាល នៅល្ងាចថ្ងៃច័ន្ទ ទី២៦ ខែមេសា ឆ្នាំ២០២១ នេះមានអ្នកឆ្លងកូវីដ-១៩ ចំនួន៥៨០នាក់ ដោយក្នុងនោះនៅខេត្តបន្ទាយមានជ័យ មានអ្នកឆ្លងរហូតដល់៩១នាក់៕